ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានបញ្ជាក់ថា , ស្ពានព្រះមុនីវង្សចាស់ នឹងត្រូវបានបញ្ចប់ ហើយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ជាធម្មតាឡើងវិញ ។ លោក ម៉េត មាសភក្តី បានថ្លែងបែបនេះ ដើម្បីអោយជួយ Share ជូនអ្នកស្រុកច្បារអំពៅបានដឹង… ទាំងយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ។
លោកបន្តថា, សម្រុកធ្វើទាំងយប់ទាំងថ្ងៃ សឹងតែ២៤ម៉ោង ២យប់២ថ្ងៃ រឿងអីមិនឆាប់ចប់! ម៉ោង ៦:០០នាទី ព្រឹកស្អែក ការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ នឹងត្រូវបានបញ្ចប់ ហើយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ជាធម្មតាឡើងវិញ។
ចាប់ពីព្រឹកមកដល់ល្ងាចម៉ោង ១៨:00នេះ ស្ថានភាពចរាចរលើស្ពានព្រះមុនីវង្សថ្មីមានភាពល្អប្រសើរ មិនមានការកកស្ទះឡើយ។
ខណៈនេះដែរការដ្ឋានអ៊ុតកៅស៊ូស្រទាប់ទី១លើស្ពានព្រះមុនីវង្សចាស់ បានបញ្ចប់ ១០០% ហើយការអ៊ុតកៅស៊ូស្រទាប់ទី២នឹងបន្តចាប់ពីយប់នេះរហូតដល់ព្រឹកព្រលឹមនឹងបញ្ចប់ទាំងស្រុង។
ចាប់ពីថ្ងៃស្អែកព្រឹកវេលាម៉ោង ៦:០០តទៅ ស្ពានព្រះមុនីវង្សចាស់ នឹងដាក់អោយចរាចរជាធម្មតាឡើងវិញ។
សូមអរគុណចំពោះការយោគយល់អធ្យាស្រ័យ ។
សូមបញ្ជាក់ថា, នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព ! រដ្ឋបាលសាលារាជធានីភ្នំពេញ តែងតែបានយកចិត្តទុកដាក់ជាទីបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងសន្តិសុខសណ្ដាប់ធ្នាប់ ទាំងវិធានការទប់ស្កាត់ជំងឺ covid-19 និងការជួយសម្រួលចរាចរណ៍ជាដើម៕
ដោយ ៖ សិលា