ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្វេងមិនប្រយ័ត្នបណ្តាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រីដែលបើកពីក្រោយបុកពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យម៉ូតូសណ្ដោងរុឺម៉កដឹកត្រីដែលបើកស្របទិសពីក្រោយជ្រុលល្បឿនទៅបុកចំពីខាងមុខចំហៀងខាងឆ្វេងពេញទំហឹងធ្វើឱ្យរងការខូចខាតយ៉ាងខ្លាំង តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខភោជនីយដ្ឋានចតុមុខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស ពណ៌ខ្មៅ គ្មានស្លាកលេខបើកដោយនារីម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តក៏បួងចង្កូតបម្រុងបត់ឆ្វេងត្រឡប់ក្រោយ តែពេលកំពុងបត់បានបន្តិចស្រាប់តែមានម៉ូតូសណ្ដោងរុឺម៉កដឹកត្រីមួយគ្រឿងដែលធ្វើដំណើរតាមទិសដៅស្របទិសគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលល្បឿនទៅបុករថយន្តស៊េរីទំនើបនោះចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងរងការខូចខាតរថយន្តផ្នែកខាងមុខ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ រួចធ្វើការដោះស្រាយដោយភាគីទាំងសងខាងយល់ព្រមយករថយន្តនិងម៉ូតូរបស់ខ្លួនទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖