ខេត្ដឧត្តរមានជ័យ៖ កម្លាំងសមត្ថកិច្ចថៃ នៅវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន០៦នាក់ តាមច្រកអន្តរជាំឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគាត់បានឆ្លងដែនខុសច្បាប់ លួចចូលទៅកាប់ឈើ។
បើតាមប្រភពពីមន្រ្តីនគរបាលព្រំដែន បានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន៦នាក់ លួចឆ្លងដែនចូលទៅកាប់ឈើខុសច្បាប់ខាងលើនេះ រួមមាន៖ ទី១.ឈ្មោះ សុត ស៊ីន ភេទប្រុស អាយុ៤៤ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យ, ២.ឈ្មោះលឹម ប៊ុនធឿន ភេទប្រុស ៣២ឆ្នាំរស់នៅភូមិអ៊ូបេង ឃុំផ្អាវ ស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យ, ៣.ឈ្មោះប៉ារី ឃុនរី ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យ, ៤,ឈ្មោះឡា ធាតុ ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យ, ៥,ឈ្មោះវ៉ាន់ យុត ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យ និងទី៦,ឈ្មោះហេង ភា ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យ។
មន្រ្តីដដែលបន្តថា ប្រជាពលរដ្ឋទាំង០៦នាក់នេះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១កន្លងទៅ ត្រូវបាននគរបាលថៃចាប់ខ្លួនពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកជ្រោក ហើយបានជាប់គុកនៅខេត្តស៊ីសាគេត ប្រទេសថៃ។
គួរបញ្ជាក់ថា ក្រោយសមត្ថកិច្ចថៃ ប្រគល់ពួកគាត់ឲ្យសមត្ថកិច្ចកម្ពុជាវិញនោះ កម្លាំងជំនាញ បានប្រគល់បន្តទៅឲ្យក្រុមគ្រូពេទ្យប្រចាំការច្រកជាំ បាញ់អាកុលវាស់កំដៅ រួចបញ្ចូនបន្តទៅនៅសាលាបឋមសិក្សារអន្លង់វែង ដើម្បីធ្វើចត្តាឡីស័កស្វែងរកវីរុសកូវីដ១៩ ផងដែរ៕ដោយ៖សហការី