ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃ១០ ខែមេសានេះ ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៨៣នាក់។

សម្តេចថ្លែងលើកឡើងថា, ការកើនឡើងបន្ថែមនៃចំនួននេះ ធ្វើឲ្យអ្នកជំងឺកូវីដ-១៩ សរុបនៅកម្ពុជា កើនឡើងដល់ជាង៤ពាន់នាក់ គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា, ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ចេញពីក្រុងតាខ្មៅ ខេត្តកណ្ដាល ជាសារពិសេសជូនដល់ជនរួមជាតិទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង១ឆ្នាំយើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់៤០៨០នាក់ ពីម្សិលមិញអ្នកជំងឺរបស់យើង បានឆ្លងចំនួន៥៧៦នាក់ ថ្ងៃនេះទៀតឆ្លង៤៨៣នាក់។ ពីមុនកម្រណាស់ ដែលយើងប្រើពាក់រាប់សិបនាក់ គឺមានតែ ១, ២, ៣, ៤, ៥,១០នាក់ ប៉ុន្តែចាប់ពីពេលព្រឹត្តិការណ៍២០កុម្ភៈមក ពាក្យរាប់សិប គឺមានជារៀងរាល់ថ្ងៃ»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ។

សម្តេចតេជោក៏បានសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។
សូមជម្រាបជូនថា,ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា គ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាជួយចេញថ្លៃទឹក និងភ្លើង ចំនួន ៥ខែ ចំពោះគ្រួសារដែលឆ្លងជំងឺកូវីដ-១៩ រដ្ឋជួយចេញថ្លៃទឹក និងភ្លើង ចំនួន៣ខែ ដោយឡែកចំពោះគ្រួសារដែលជាប់ធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ រដ្ឋនឹងជួយជួយចេញថ្លៃទឹក និងភ្លើងចំនួន ២ខែ និងឧបត្ថម្ភផ្សេងៗទៀត។
តាំងពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២១ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ សង្កាត់ចំនួន២ ក្នុងខណ្ឌមានជ័យ , ភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖