ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌសែនសុខ បានថ្លែងថា, មូលហេតុដែលឈានទៅដល់ការបិតភូមិទ្រុងមាន់ សង្កត់អូរបែកក្អម បណ្តាលមកពីចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងដល់ចំនួន៦៣៨នាក់ហើយ និងនៅមានអ្នកពាក់ព័ន្ធបន្តទៀត។
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងពីចំនួន៦៣១ ដល់ ៦៣៨នាក់។
សូមបញ្ជាក់ថា កាលពីយប់មិញចំនួនតួលេខ៦៣១នាក់ ដែលក្នុងសន្និសីទសារព័ត៌មាន គឺជាចំនួនតួលេខសរុបពីរោងចក្រ ឌីនហាន ដែលមានកម្មករធ្វើការជាង២៤០០នាក់ ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានបិទខ្ទប់មូលដ្ឋានខ្លះក្នុងរាជធានីភ្នំពេញរួមមាន៖ សម្រេចបិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១។ សង្កាត់ចំនួន២ ក្នុងខណ្ឌមានជ័យ និងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ដោយ ៖ សិលា