ព័ត៌មានទាន់ហេតុការណ៍៖

ប្រុងប្រយ័ត្ន តារាសម្តែង អេឡិច ត្រូវជនអនាមិកប្រើប្រាស់រូបថតបោកស្រីៗតាមហ្វេសប៊ុកជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្រោយពីគេបានដំណឹងថាមាននារីរងគ្រោះជាច្រើនបានលង់ចាញ់បោកប្រាស់ប្រាក់ និងទ្រព្យធនមួយចំនួន ពីជនអនាមិកដែលបានយករូបថតតារាសម្តែងស្រស់សង្ហា លោកវណ្ណ ថៃនិវឌ្ឍន៍លោក អេឡិច យកមកបន្លំប្រើលើហ្វេសប៊ុក រហូតមានអ្នកខ្លះអស់ប្រាក់រាប់ពាន់ដុល្លារអាមេរិកក៏មាន។ ដំណឹងនៃការចាញ់បោកនេះជាថ្មីក្រោយពីមានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញសារចោទទៅកាន់តារាសម្តែង រូបនេះ ថាជាជនបោកប្រាស់រហូតលោកបញ្ចេញប្រតិកម្មខ្លាំងព្រោះតែការចោទនេះបានប៉ះពាល់ដល់កិត្តយសលោកនោះ។
តារាសម្តែងវ័យ២៤ឆ្នាំរូបនេះបានបញ្ជាក់ថា ថាលោកពិតជាមិនសប្បាយចិត្តក្រោយពីបានអានComment របស់បុគ្គលមួយចំនួនដែលបញ្ចេញអារម្មណ៍នៅលបណ្តាញសង្គមTik Tok របស់លោកដែលចោទលោកក្នុងន័យឆបោកប្រាក់នារីៗមួយចំនួន ទាំងលោកមិនដែលបានស្គាល់ពួកគេ។តាមការសាកសួរលោកបានទម្លាយថា នារីជាច្រើនបន្តបន្ទាប់បានចាញ់បោកព្រោះតែជឿលង់លើពាក្យសម្តីផ្អែម និងបានប្រើប្រាស់រូបថតលោកដាក់នៅលើ Profile និងបង្ហោះក្នុងគនីយនោះជាប្រចាំ ។ លោកថាកាន់តែធ្វើឲ្យនារីទាំងនោះជឿជាក់ថាលោកពិតជាម្ចាស់គណនីយ គឺពួកគេបានយកវីដេអូដែលលោកធ្លាប់Live យកមកកាន់តបញ្ចូលសំឡេងថ្មីផ្ញើទៅកាន់នារីទាំងនោះ រហូតមានការជឿជាក់ និងលង់ស្នេហ៍។ លោកថា រូបភាពនៃការឆបោកគឺជនល្មើសបានប្រើរូបភាពជាគ្រោះថ្នាក់ចរាចរណ៍ ឬមានធុរៈក្នុងគ្រួសារចាំបាច់ដែលត្រូវការប្រាក់ជាបន្ទាន់ និងស្នើឲ្យនារីៗទាំងនោះផ្ញើប្រាក់មកកាន់ខ្លួនតាមវិធីផ្ទេរតាមសេវាផ្ញើប្រាក់នានានោះ។ តារាសម្តែងក្នុងរឿង”រសជាតិអ្នកមាន” រូបនេះបានបញ្ជាក់ថា អ្នកខ្លះអស់រាប់រយដុល្លារ ខ្លះថា ១ពាន់ដុល្លាររហូតដល់២ពាន់ដុល្លារក៏មាន ហើយក្រោយពេលបានប្រាក់រួចទាក់ទងគ្នាលែងបានរហូតមានអ្នកខ្លះបង្ហោះបណ្តាញសង្គមដោយបានភ្ជាប់គណនីយបោកប្រាស់នោះ ប៉ុន្តែមានរូបថតលោកដែលនាំឲ្យអ្នកដែលមិនបានស្គាល់មានការយល់ច្រលំ និងចោទប្រកាន់លោកទាំងលោកមិនបានដឹងរឿង ហើយលោកចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់ខ្លួន។ ទោះជាយ៉ាងណាកន្លងមកលោកធ្លាប់បានប្រកាសអំពីឈ្មោះគណនីយដែលបោកប្រាស់មួយចំនួនដែរ ប៉ុន្តែនៅតែលេចចេញករណីថ្មីៗបន្តបន្ទាប់ ដែលលោកព្រមានចំណាត់ការតាមផ្លូវច្បាប់ទៅលើករណីនេះ ហើយស្នើឲ្យ មហាជនមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ពិសេសស្រីៗ និងក្រុមភេទ៣ កុំផ្ញើរបស់ទ្រព្យមានតម្លៃទៅកាន់មនុស្សដែលមិនបានស្គាល់គ្នាច្បាស់លាស់ និងមានហេតុផលត្រឹមត្រូវនោះ ដោយលោករំពឹងថា ករណីនេះនឹងស្ងប់ស្ងាត់ក្រោយពីមានការប្រកាសជាផ្លូវការនេះ។លោកប្រកាសដែរថា លោកមានគណនីយហ្វេសប៊ុកផ្លូវការឈ្មោះ Ellex Nano Real និងមួយទៀតជាភាសាខ្មែរ វណ្ណ ថៃនិវឌ្ឍន៍ តែប៉ុណ្ណោះ ក្រៅពីនេះគឺជាគណនីក្លែងក្លាយ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖