ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់បានប្រល័យសត្វគោនិងក្របីងាប់អស់៣ក្បាលនៅកណ្ដាលវាលស្រែក្នុងស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានក្របី២ក្បាលនិងគោមួយក្បាលត្រូវបានងាប់បន្ទាប់ពីមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់និងរន្ទះបាញ់មួយក្ឌាំងលាន់សូរកក្រើកដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប៉ុន្តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ស្ថិតនៅចំណុចវាលស្រែក្នុងភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទ៍។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ក្របីមានឈ្មោះសូ ភុន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ។ ចំណែកម្ចាស់គោមានឈ្មោះសៅ សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ អ្នកទាំង២រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមេឃមានសភាពខ្មៅងងឹតលាយឡំនឹងខ្យល់កន្ត្រាក់និងមានភ្លៀងរលឹមស្រិចៗទើបធ្វើឱ្យម្នាក់ៗនាំគ្នារត់ចូលផ្ទះនិងរកទីមានសុវត្ថិភាព ខណៈនោះស្រាប់តែមានរន្ទះបាញ់ឡើងកក្រើកដី។
ប្រភពបន្តថា ក្រោយពីរាំងភ្លៀងមួយសន្ទុះស្រាប់តែមានអ្នកភូមិប្រទះឃើញសត្វគោនិងក្របីងាប់នៅកណ្ដាលវាលស្រែទើបបង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្ដង៕

ដោយ៖ យឹម សុថាន


ចែករំលែក៖