ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរ ក្រោមឱវាទនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរស់នៅតំបន់ដែលត្រូវបិទខ្ទប់ជាង១ម៉ឺនគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យអាជ្ញាធរបន្ដនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ចំនួន២២៤គ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់និងរាំងខ្ទប់ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ការចែកអំណោយជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ធ្វើឡើងដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ២យួរ រួមទាំងថវិកា៣០០,០០០ រៀល។
លោកបានបន្ដថា សម្ដេចទាំងទ្វេបានយកចិត្តទុកដាក់ណាស់ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភ សម្តេចតេជោដាច់ខាតមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារនោះទេ។
ទន្ទឹមនឹងនេះ លោកបានសូមឱ្យបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កបន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួនថ្ងៃដែលក្រសួងសុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូរនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។
បន្ទាប់ពីផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ករួចមក លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវមួយចំនួនដែលបានធ្វើការបិទខ្ទប់ក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ រួមទាំងសង្កាត់ស្ទឹងមានជ័យទី៣ ផងដែរ៕

ដោយ៖ សំរិត


ចែករំលែក៖