ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ សម្រេចបិទ​ខ្ទប់​ភូមិ​ចំនួន​១០ ក្នុង​ខណ្ឌ​ចំនួន​ពីរ នៅ​រាជធានី​ភ្នំពេញ ​រយៈពេល​១៤​ថ្ងៃ​

ចែករំលែក៖

ភ្នំពេញ​៖ គិត​មកដល់ពេលនេះ​ ភូមិ​ចំនួន​១០​ហើយ នៃ​សង្កាត់​ចំនួន​២ ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ខ្ទប់ (Lockdown) រយះពេល ២​សប្តាហ៍ (១៤​ថ្ងៃ​)​ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។​

បេីយោង​នៅក្នុង​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំ​ព​ញ បាន​បញ្ជាក់ថា ការសម្រេច​ឲ្យ​បិទ​ខ្ទប់​នេះ សម្រាប់​ខណ្ឌ​មានជ័យ មាន​១​សង្កាត់ គឺ​ស្ទឹងមានជ័យ ស្មើនឹង​ភូមិ​ចំនួន​៣ រួមមាន​៖ ភូមិ​ទ្រា​៤, ដំណាក់​ធំ​២ និង​ភូមិ​ដំណាក់​ធំ​៣​។ ចំណែកឯ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ចំនួន​៣​សង្កាត់ ដូចជា​សង្កាត់​ចោមចៅ​ទី​១, សង្កាត់​កា​កាប​ទី​១ និង​កា​កាប​ទី​២ ដែលមាន​ចំនួន​ភូមិ​សរុប ៧ រួមមាន​៖ ភូមិ​ត្រពាំង​ថ្លឹង​២, ទួល​ពង្រ​, ចំការ​ឳ​ឡឹ​ក​១, ប៉ប្រក​ខាងត្បូង​, ប៉​ប្រក​​ខាងជើង​, ត្រពាំង​ល្វា​១ និង​ចំការ​ឳ​ឡឹ​ក​២​។ គ្រប់​គោលដៅ​ទាំងអស់​ខាងលើនេះ ដោយមាន​ដាក់​គណៈ​បញ្ជា​ការ​ឯកភាព ប៉ូលិស សន្តិសុខ និង​ប៉េអឹម​ជាដើម ដើម្បី​អនុវត្តន៍​តាម​វិធាន​ការបិទ​ខ្ទប់ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុងករណី​ចាំបាច់​តែប៉ុណ្ណោះ​។

​ជាក់ស្ដែង​ចំពោះ​ការសម្រេច​ឲ្យ​បិទ​ខ្ទប់​ខាងលើនេះ សាលា​រាជធានី​ភ្នំ​ព​ញ បាន​បញ្ជាក់បន្ថែមទៀតថា គឺមាន​រយៈពេល​២​សប្ដាហ៍ (១៤​ថ្ងៃ​) ដោយ​តំបន់​ខ្លះ​គិត​ចាប់ពី​ថ្ងៃទី​១០ និង​តំបន់​មួយចំនួនទៀត គិត​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ភូមិ​សាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។

​សូមជម្រាបដែរថា​ ក្នុងអំឡុងពេល នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​នេះ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុងករណី​ចាំបាច់ ដូចជា​៖ ការធ្វើដំណើរ​ទៅ​បំពេញការងារ ឬ​ប្រកបមុខរបរ ឬ​អាជីវកម្ម​ក្នុងភូមិ​សាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ដែល​មិនមាន​ការហាមឃាត់ ដោយ​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិតបញ្ជាក់​អំពី​ការងារ មុខរបរ ឬ​អាជីវកម្ម​, ការធ្វើដំណើរ​ទៅកាន់​ទីកន្លែង​លក់​ម្ហូបអាហារ ឬ​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ ដែល​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ដោយ អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ការធ្វើដំណើរ​ក្នុង​គោលបំណង​នេះ អាចធ្វើ​ឡើង​ដោយ​សមាជិក​យ៉ាងច្រើន ២(​ពីរ​)​នាក់ ក្នុង​មួយ​លំនៅឋាន ឬ​ទី​សំណាក់​មិន​ឲ្យ​លើសពី ២(​ពីរ​)​ដង ក្នុង​មួយ​សប្តាហ៍ និង​នៅក្នុង​រង្វង់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ការធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព សម្ភព ទីកន្លែង​ព្យាបាល ឬ​ឱសថស្ថាន ដោយ​មូលហេតុ​សុខភាព​បន្ទាន់ នៅក្នុង​រង្វង់​ភូមិសាស្ត្រ​ដែល​ត្រូវ បាន​បិទ​ខ្ទប់​។​ល​។​

បន្ថែម​ពីនេះ​ ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ ត្រូវបាន​ហាមឃាត់​រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​លើកលែងតែ​ក្នុងករណី​ចាំបាច់ ដូចជា​៖ ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា និង​ការរៀបចំ​ពិធី​បុណ្យសព ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​…​។​

​ដោយឡែកជុំវិញបញ្ហានេះដែរ​ ក្នុង​ប្រការ​៤ ក្នុងអំឡុងពេល នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ ត្រូវបាន​ហាមឃាត់​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មិនមែនជា​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ លើកលែងតែ​ក្នុងករណី​ចាំបាច់ ដូចជា​៖ សកម្មភាព​ការងារ​នៅក្នុង​ក្របខណ្ឌ​មុខងារសាធារណៈ កងកម្លាំងប្រដាប់អាវុធ និង​ការងារ​ផ្តល់​សេវាសា​ធារ​ណៈ​​​ចាំបាច់ រួមមាន សេវា​ផ្គត់ផ្គង់​អគ្គិសនី ទឹកស្អាត សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​-​សំណល់​រឹង​, រាល់​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម ដែល​ដំណើរការ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​, សេវា​សង្គ្រោះ​បន្ទាន់ សេវា​សុខាភិបាល និង​ឱសថស្ថាន​, សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ចាំបាច់ និង​សកម្មភាព​ការងារ មុខរបរ អាជីវកម្ម​ចាំ​បាច់​ដទៃទៀត ដែល​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

គួរបញ្ជាក់ថា​ ​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​៕​ដោយ​៖ស​ តារា

រូបភាព​៖​ ទិដ្ឋភាពដែលអាជ្ញាធរចុះអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិមួយចំនួននៅខណ្ឌមានជ័យ​ និងខណ្ឌពោធិ៍សែនជ័យ


ចែករំលែក៖