ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញខាងសហគមន៍​នេសាទ​ខេត្តស្ទឹងត្រែង​ បន្តបង្ក្រាប​ទូក​ឆក់​ត្រី​បាន​មួយគ្រឿង​ទៀត

ចែករំលែក៖

ខេត្ត​​ស្ទឹងត្រែង៖ កម្លាំង​គណៈកម្មការ​សហគម​ន៍​នេសាទ​កោះ​ស្រឡៅ​បាន​សហការ​ជាមួយ​សហគមន៍​ឃុំ​កោះ​ស្នែង​ កោះ​កន្ធាយ​ ​ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​ដែលមានគ្នាចំនួន​៦​នាក់​ បានធ្វេីការប្រ​ដេញ​ពួនស្ទាក់​ និង​បង្ក្រាបបាន​ទូក​ស្មាច់​មួយគ្រឿង​ ដែលក្រុមជនល្មើសលួចធ្វេីសកម្មភា​ពឆក់ត្រីយ៉ាងជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១១​ ​ខែមេសា​ ឆ្នាំ​២០២១នេះ​ ។

  អ្នកតំណាង​សហគមន៍​នេសាទ​បាន​ឱ្យដឹង​ថា ពួកគេ​បាន​សហការ​ចុះបង្ក្រាប​ក្រុម​ទូករបស់ពួកជនល្មើសលួចឆក់ត្រី​ កាលពី​វេលា​ម៉ោង​៣​រសៀល​ម្សិលមិញ​នេះ​ នៅ​ចំណុច​កន្ទុយ​កោះ​ហិប​ ​ឃុំ​កោះ​ស្នែង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង​ នឹងឈានដល់ការ​រឹបអូស​បាន​ទូក​ស្មាច់​មួយគ្រឿង​ផងដែរ​។ 

   ប្រភពដដែលបន្តថា: កម្លាំង​សហគមន៍​​នៅពេល​កំពុង​ល្បាត​ពួន​ស្ទាក់​ទៅលេីជន​ប្រព្រឹត្ត​បទល្មើស​ ​ស្រាប់​តែ​ពួកគេបាន​ក្រឡេកឃើញ​ទូក​សហគមន៍​ ដេញ​ស្ទាក់នោះ​ ​ក៏​ព្យាយាម​បើកទូក​រត់​និង​ឈប់​ចត​ចោល​រួច​នាំ​គ្នា​គេចខ្លួនបាត់​។​ បន្ទាប់​មក​កម្លាំង​សហគមន៍​ក៏បាន​ដកហូត​វត្ថុតាង​មាន​ទូក​ស្មាច់​មួយគ្រឿង​,​ម៉ាស៊ីន​ហ៊ី​ណូ​តា​៧​សេះ​មួយគ្រឿង​,​ឧបករណ៍​ឆក់​ត្រជាក់​មួយគ្រឿង រួច​បញ្ជូន​ទៅកាន់​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​

   ដោយឡែក​ជុំវិញករណីនេះដែរ​ នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ស្ទឹងត្រែង​ លោក​ ​វង្ស​ សាវឿន​ នៅព្រឹកថ្ងៃទី១១ ខែមេសានេះដែរ បាន​ស្វាគមន៍​ និង​កោតសរសើរ​ចំពោះ​សកម្មភាព​របស់​គណៈកម្មកា​រ​សហគមន៍​នេសាទ​ដែល​សហការគ្នា​បាន​យ៉ាង​ល្អ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅតាម​ដង​ទន្លេ​ហើយទទួលបាន​ផល​វិជ្ជមាន​ជា​បន្តបន្ទាប់​។​

ជាមួយគ្នានេះ ​លោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្តរូបនេះ ក៏បាន​ឧបត្ថម្ភ​ប្រាក់​មួយចំនួន​ដើម្បីជាការលើកទឹកចិត្តទៅដល់កម្លាំង​សហគមន៍​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បង្ក្រាបបទល្មើសនេះផងដែរ៕

                     

ដោយ៖មាស​ សុផាត​


ចែករំលែក៖