ខេត្តកំពង់ចាម ៖ ដេីម្បីកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរទៅក្នុងសហគមន៍២០កុម្ភៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងចម្រុះឯទៀតឈរជើងតាមគោលដៅត្រួតពិនិត្យអនុវត្តតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តមួយទៅខេត្តមួយទូទាំងខេត្តជាបណ្តោះអាសន្ន ដែលមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ចាម។
កម្ម្លាំងចម្រុះបានអនុវត្តវិធានការនេះតាំងពីថ្ងៃទី៧រហូតមកដល់យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម។
យ៉ាងណាមិញ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការទាំងនេះ កម្លាំងសមត្ថកិច្ចចម្រុះបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន មានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្ត ដើម្បីការលើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្ដុំកំបាំងភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំគ្នាទទូលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ដែលនេះគឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិ ៕
ដោយ៖ វណ្ណៈ