អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថា នឹងជួយដល់គណបក្សសាធារណរដ្ឋដណ្តើម សិទ្ធិគ្រប់គ្រងរដ្ឋសភា និងព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតសភានាឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១១ ខែមេសា បានផ្សាយថា អតីតប្រធានាធិបតីដូណាល់ ត្រាំ បានរៀបចំពិធីជប់លៀងនៅរមណីយដ្ឋាន Mar-a-Lago របស់លោកស្ថិតនៅ Palm Beach រដ្ឋ Florida ជូនដល់ក្រុមអ្នកផ្តល់ជំនួយដល់គណៈកម្មការជាតិ របស់គណបក្សសាធារណរដ្ឋ RCN និងពិភាក្សាពីអនាគតរបស់គណបក្សសាធារណរដ្ឋ។
លោកត្រាំបានបញ្ជាក់ថា «យើងជួបជុំគ្នានៅយប់នេះ ដើម្បីនិយាយពីអនាគតរបស់គណបក្សសាធារណរដ្ឋ ហើយអ្វីដែលយើងត្រូវធ្វើគឺធ្វើយ៉ាងណាឲ្យបេក្ខភាពរបស់យើងទទួលបានជ័យជម្នះ»។
អតីតប្រធានាធិបតី បានប្រកាសថា «ខ្ញុំឈរនៅចំពោះមុខអស់លោកនៅយប់នេះដោយមានក្តីសង្ឃឹមថា នៅឆ្នាំ២០២២យើងនឹងដណ្តើមការគ្រប់គ្រងសភាមកវិញ ហើយនៅឆ្នាំ ២០២៤ យើងនឹងដណ្តើមកៅអីប្រធានាធិបតីនៅសេតវិមាន »។
ពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ លោកត្រាំ មិនទាន់បង្ហាញពីគោលជំហរឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឡើយទេ។ លោកត្រាំបន្តទៀតថា រាល់គម្រោងទាំងអស់គឺយើងរង់ចាំការបោះឆ្នោតសភានៅឆ្នាំ២០២២។ តាមរដ្ឋធម្មនុញ្ញអាមេរិក លោកត្រាំ អាចបន្តឈរឈ្មោះបោះឆ្នោតបានដដែល៕
ដោយ ៖ ធីរីណា(រូបភាព៖ Cand)