ព័ត៌មានទាន់ហេតុការណ៍៖

យេម៉ែន ៖ សង្គ្រាមវាយប្រហារគ្នានៅតែបន្ត ស្លាប់៧០នាក់

ចែករំលែក៖

មន្ត្រីយោធាយេម៉ែនបានឱ្យដឹងនៅថ្ងៃទី១១ខែមេសាថាការវាយប្រហារគ្នាកើតឡើងរវាងកម្លាំងទាហានរដ្ឋាភិបាលនឹងក្រុមឧទ្ទាមហ៊ូធី នៅទីក្រុងយុទ្ធសាស្ត្រ Marib បណ្តាលឲ្យមានអ្នកស្លាប់ជាង៧០នាក់ទៀតក្នុងពេល២៤ម៉ោងកន្លងមក។
ការវាយប្រហារគ្នានៅលើសមរភូមិ៣ផ្សេងគ្នា ស្ថិតនៅជាយក្រុង Marib ខណៈដែលក្រុមហ៊ូធីព្យាយាមវាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាល ។ កាលពីថ្ងៃទី ១០ ខែមេសា ក៏មានការវាយប្រហារគ្នាបណ្តាលឲ្យទាហានទាំងសងខាង ៥៣នាក់ស្លាប់ ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា ។
យេម៉ែនធ្លាក់នៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីឆ្នាំ២០១៤ រហូតមកទល់ពេលនេះ ខណៈក្រុមឧទ្ទាមហ៊ូធី បានដណ្តើមសិទ្ធិគ្រប់គ្រងបណ្តាខេត្តនៅភាគខាងជើងប្រទេសយេម៉ែន បង្ខំឲ្យប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាប្រធានាធិបតីស្របច្បាប់បានភៀសខ្លួនចេញពីរដ្ឋធានី Sanaa ។ កម្លាំងទាហានអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានលូកដៃចូលជួយដល់ប្រធានាធិបតីនៅឆ្នាំ២០១៥ ដើម្បីវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ូធីដែលមានអុីរ៉ង់នៅពីក្រោយខ្នង៕ ដោយ៖ ធីរីណា

រូបភាព៖AFP/TTXVN


ចែករំលែក៖