ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលបំបែកសំណុំរឿង ករណីឃាតកម្ម អារ.ក សម្លាប់នារីម្នាក់ នៅក្បែរផ្លូវសែនជ័យ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ បានហើយ។ ទីបំផុតឃាតក ជាប្តីសោះលោកព្រះ។
សូមបញ្ជាក់ថា ដោយក្នុងករណីនេះ កម្លាំងនគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ដែលជាជនដៃដល់ អារ.ក សម្លាប់នារីរងគ្រោះបាន បន្ទាប់ពីស្រាវជ្រាវដោយសមត្ថកិច្ចជំនាញ។
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា, ជនសង្ស័យមានឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើតភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរបុគ្គលិកអនាម័យ ស្រុកកំណើតភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅជាមួយជនសង្ស័យ។
លោកឧត្តមសេនីយ៍ទោស្នងការ បានបន្តថា, តាមរបាយការណ៍ស្រាវជ្រាវ ករណីឃាតកម្មគិតទុកជាមុននេះ កើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ក្នុងរណ្តៅគ្រលុកដីវាលមួយកន្លែង ស្ថិតនៅក្បែរផ្លូវសែនជ័យ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញទទួលផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានចុះពិនិត្យទីតាំងកន្លែងកើតហេតុ ឃើញមានសាកសពនារីរងគ្រោះម្នាក់(ជនជាតិខ្មែរ)អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃវែង ពណ៌លឿង ខោស្ព័រកីឡាជើងវែងពណ៌ខ្មៅលាយឆ្នូតស ស្រោមជើងពណ៌ស មានស្លាកស្នាម អារ.ក ជាំភ្នែកខាងស្តាំ ជាំថ្គាមខាងឆ្វេង និងជាំបបូរមាត់ផ្នែកខាងលើ។
ឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទីរសៀល កម្លាំងសមត្ថកិច្ចនគរបាលបានរកឃើញ វិទ្យុទាក់ទង១គ្រឿងម៉ាកMOTOROLAនៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ រួចក៏បន្តការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទី ហើយជាដំណឹងថា, ជនសង្ស័យជាឃាតក ជាប្តី ដែលរស់នៅជាមួយគ្នា តែមិនទាន់ដឹងថា, បានគ្នាដោយរបៀបណាសម្រាប់ជាប្តី-ប្រពន្ធនោះ។
មុននេះបន្តិចលោក លី សុខហុី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា, ពិតជាឃាត់ខ្លួនសង្ស័យបានមែន ។
ចំពោះព័ត៌មានលម្អិតអង្គភាព”កាសែតនគរវត្ត”នឹងផ្សព្វផ្សាយបន្តជូនទៀត៕
ដោយ ៖ សិលា