ការឆ្លងរាលដាលកូវីដ-១៩នៅលើពិភពលោក បន្តកើនឡើងខ្ពស់ដដែល ដោយមកទល់ពេលនេះ មានអ្នកឆ្លងជាង ១៣៦លាននាក់ និងស្លាប់ជាង ២,៩៤លាននាក់ ។ ប្រទេសជាច្រើនក៏បានបន្តសកម្មភាពចាក់វ៉ាក់សាំង ក៏ដូចជាការរឹតត្បិត ទប់ស្កាត់ការឆ្លង ប្រកបដោយប្រសិទ្ធភាពបំផុត។
នៅពេលនេះកូរ៉េខាងត្បូងសម្រេចបន្តចាក់វ៉ាក់សាំង AstraZeneca បើទោះបីមានប្រទេសនិងតំបន់មួយចំនួនបានផ្អាកដោយសារតែមានបញ្ហាមួយចំនួនក្តី។នាយកដ្ឋានបង្ការជំងឺឆ្លងកូរ៉េខាងត្បូង KDCA បានប្រកាសថា វ៉ាក់សាំង AstraZeneca នឹងបន្តចាក់ជូនពលរដ្ឋដែលមានវ័យចាប់ពី៣០ឆ្នាំឡើងដែលចាប់ផ្តើមចាក់បន្តទៀតនៅថ្ងៃទី១២ខែមេសានេះ។
តាមការលើកឡើងរបស់ KDCA ចំនួនអ្នកឆ្លងកូវីដ-១៩ ក៏ដូចជាស្លាប់នៅក្នុងប្រទេសនេះកើនឡើងខ្ពស់ ទើបសម្រេចបន្តចាក់វ៉ាក់សាំង ឲ្យបានលឿនបំផុតនូវវ៉ាក់សំាង AstraZeneca ។ កាលពីថ្ងៃទី ៧ខែមេសា កូរ៉េខាងត្បូងបានផ្អាកចាក់វ៉ាក់សាំង AstraZenecaដល់ពលរដ្ឋដែលមានវ័យចាប់ពី៦០ឆ្នាំឡើង។
ប៉ុន្តែក្រោយមក ក៏បានសម្រេចបន្តចាក់ជូនពលរដ្ឋ ដោយសារតែផលប៉ះពាល់មានតិចតួចបំផុត។
ដោយឡែកនៅក្នុងប្រទេសបារាំងវិញកម្លាំងសន្តិសុខបានពិន័យមនុស្សជាង១០០នាក់ដែលបានបំពានច្បាប់ទប់ស្កាត់កូវីដ-១៩ ខណៈដែលអ្នកទាំងនោះចូលទៅបរិភោគនៅក្នុងភោជនីយដ្ឋានលួចលាក់មួយកន្លែងក្នុងទីក្រុងប៉ារីស ។
នៅលើបណ្តញសង្គមTwitter កម្លាំងប៉ូលិសបារាំង បានប្រកាសថា ពលរដ្ឋដែលចូលរួមពិសាអាហារមិនគោរពច្បាប់ ក៏ដូចជាម្ចាស់ ភោជនីយដ្ឋាន ត្រូវបានចាប់ខ្លួន៕ ដោយ៖ ធីរីណា
ប្រទេសកូរ៉េបន្តចាក់វ៉ាក់សាំង AstraZeneca
(ប្រភព៖ Reuters )