ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីបើកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីបន្ទាន់ទាំងយប់តាមរយៈ video conference ដើម្បីពង្រឹងសន្តិសុខ និងការពង្រឹងភូមិឋានដែលបានបិទខ្ទប់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ខែមេសា ឆ្នាំ២០២១ នេះ បានកោះប្រជុំជាបន្ទាន់មួយតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីសនិងកងរាជអាវុធហត្ថ នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស បងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករ កម្មការិនី ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តបិទខ្ទប់ភូមិឋានក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

  លោកឃួង ស្រេង អភិបាលរាជធានីក្នុងកិច្ចប្រជុំនោះ បានស្នើឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅតំបន់រាំងខ្ទប់ទាំងអស់ មើលបងប្អូនប្រជាពលរដ្ឋកុំឱ្យដើររហេតរហូត តែកុំធ្វើហួសពីការកំណត់ និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការចេញចូលទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់ឱ្យច្បាស់ជាមួយនិឹងការថតរូបគាត់ទុក មានន័យថាម្នាក់នេះចេញ ២ទៅ៣ថ្ងៃក្រោយត្រូវតែជាមនុស្សម្នាក់នេះជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់។

  លោក ឃួង ស្រេង បន្តថា កម្លាំងដែលអនុវត្តរាល់សកម្មភាពត្រូវរាយការណ៍ជាប្រចាំមករដ្ឋបាលរាជធានីភ្នំពេញ។ ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែងចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាពក្នុងពេលចែកអំណោយត្រូវតែអនុវត្តឱ្យបានល្អប្រសើរ ។ នេះជារឿងសំខាន់ដែលត្រូវធ្វើឱ្យខាងតែបាន។

    សូមបញ្ជាក់ថា មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់ភូមិ សង្កាត់ជាច្រើននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមានដូចជា ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក២ នៃសង្កាត់កាកាបទី២ ។ 

 ខណ្ឌមានជ័យមានភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងខណ្ឌសែនសុខមានភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ដែលជាភូមិនិងសង្កាត់ដែលបានរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ 

   ភូមិឋានដែលបិទខ្ទប់នេះហើយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបំផុត ទាំងការអនុវត្តការធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ មិនឱ្យមានការជួបជុំ និងការប្រគល់អំណោយជូនពួកគាត់៕

ដោយ៖ សំរិត


ចែករំលែក៖