ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានអនុវត្តតាមសេចក្តីសម្រេចលេខ៤៤ សសរ របស់រាជរដ្ឋាភិបាល មន្ត្រីនគរបាលជាតិបន្តការងារត្រួតពិនិត្យរាល់អ្នកចេញចូលនិងបន្លាស់ទីពីតំបន់មួយទៅតំបន់មួយ និងពីខេត្តមួយទៅខេត្តមួយទៀត ដេីម្បីរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសការលួចបង្កប់មនុស្សនៅក្នុងរថយន្តបន្លាស់ទីទៅកាន់ខេត្តនានា ក្នុងគោលបំណងទប់ស្កាត់មិនឱ្យឆ្លង និងចម្លងមេរោគកូវីដ-១៩ (covid-19 ) ទៅកាន់អ្នកដទៃក្នុងដំណាក់កាលនៃការឆ្លងរាលដាលក្នុងសហគមន៍២០កុម្ភៈដ៏ធ្ងន់ធ្ងរនេះ ។
កាលពីថ្ងៃអាទិត្យទី១១ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តតាមសេចក្តីសម្រេចលេខ៤៤ សសរ របស់ រាជរដ្ឋាភិបាល មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឈរជើងនៅតាមបណ្តាគោលដៅ ព្រំប្រទល់ជាប់ខេត្តកំពង់ចាម ក្រចេះ និងព្រៃវែង ដោយធ្វើការត្រួតពិនិត្យនូវ យានយន្តដឹកទំនិញគ្រប់ប្រភេទ និងការចរាចរណ៍ចេញ-ចូល ឆ្លងព្រំប្រទល់ បង្ការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសការលួចបង្កប់មនុស្សនៅក្នុងរថយន្ត ដើម្បីបន្លាស់ទីទៅកាន់ខេត្តនានា ដែលអាចឆ្លង និងចម្លងមេរោគកូវីដ-១៩ (covid-19 ) កាន់អ្នកដទៃ ។
អាជ្ញាធរសមត្ថកិច្ចខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ៕
ដោយ៖ វណ្ណៈ