ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ហេីយបាននាំយកអំណោយ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកស្រី ហ៊ុន គឹមឡេង ជូនដល់បងប្អូនមន្ត្រីនគរបាលជាតិ នៅវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ និង៦១៧ ដែលចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
អំណោយរួមមាន៖ ថវិកាសរុបចំនួន ៤,០០០,០០០រៀល អង្ករចំនួន ៨០បាវ នំអន្សមចំនួន ៤០០នំ ទឹកត្រីចំនួន ១៦យួរ ទឹកស៊ីអុីវ ចំនួន ១៦យួរ ទឹកបរិសុទ្ធ ចំនួន ២០០យួរ ទឹកផ្លែឈើចំនួន ៤០កេស ម៉ាសចំនួន ២កេសធំ អាល់កុលចំនួន២កាន ។
សំណេះសំណាលជាមួយកងកម្លាំងនៅ គ្រានោះ លោក ស្នងការ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរដុខទុក្ខ ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សូមឱ្យបងប្អូនកងកម្លាំងនគរបាលទាំងអស់ ត្រូវស្តាប់ និងអនុវត្តតាមបទ បញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់ ខិតខំបំរើការងារជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ថែរក្សាអនាម័យ ការពារ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ដោយចូលរួមអនុវត្ត តាមវិធាន របស់ក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ ។
មុនបញ្ចប់ការជួបសំណេះសំណាលលោកស្នងការបានបួងសួងដល់ទេវតាឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមជួយបីបាច់ថែរក្សា ការពារ បងប្អូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជាពិសេសសូមជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕
ដោយ៖ វណ្ណៈ