ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យនិងទទួល អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលដឹកមកដល់រដ្ឋបាលរាជធានី

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១បានអញ្ជើញពិនិត្យនិងទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានដឹកមកដល់រដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅតាមភូមិឋានកន្លងមកជាង១០ភូមិមានជាង២ម៉ឺនគ្រួសារក្នុងខណ្ឌចំនួន៣ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌសែន សុខ។

    ជាក់ស្ដែងកាលពីរាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ មានអង្ករ មី ត្រីខ ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកមកដល់សាលារាជធានីភំ្នពេញ ជាបន្តបន្ទាប់ទៀតហើយ។

   គិតមកដល់ព្រឹកនេះរដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនបាន៣៨៩៨គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រដែលកំពុងធ្វើចត្តាឡីស័ក។ 

    អំណោយរបស់សម្ដេចទាំង២ ដែលបានដឹកបញ្ជូនមកប្រគល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីទុកចែកជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលងាយរងគ្រោះ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញបង្ខំចិត្តបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពិសេសនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍ ព្រោះតំបន់ទាំងនេះមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ខ្លាំង និងជាតំបន់ដែលបងប្អូនកម្មករ កម្មការិនីរោងចក្ររស់នៅច្រើន ។

     មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រដែលកំពុងធ្វើចត្តាឡីស័ក ហើយជាទិសដៅ រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជូនជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារដែលត្រូវបានបិទខ្ទប់នេះ៕

ដោយ៖ សំរិត


ចែករំលែក៖