ខេត្តប៉ៃលិន៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តក្នុងល្បឿនលឿន ទៅបុកម៉ូតូមួយគ្រឿង ពីក្រោយពេញទំហឹង បណ្តាលឲ្យស្រី្តម្នាក់ ត្រូវគេស្គាល់ថា ជាប្រពន្ធរបស់អ្នកសារព័ត៌មាន១រូបប្រចាំ ខេត្តប៉ៃលិន រងរបួសធ្ងន់ បាក់ជើងឆ្វេង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង រីឯយុវជនម្នាក់រងរបួសស្រាល ខណ:បើកបរម៉ូតូនៅលើដងផ្លូវ ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាជោកជាំ បើកបររថយន្តស្ទូច១គ្រឿង បុកចំពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលតែម្តង ។ ក្រោយជនបង្កបើកបររថយន្តបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ស្រាប់តែបើករថយន្តបម្រុងគេចខ្លួនទៅផ្ទះរបស់ខ្លួន ស្របពេលសាច់ញាតិជនរងគ្រោះឃើញទាន់ ក៏ជិះម៉ូតូតាមទៅសួរនាំ ស្រាប់តែចេញមករករឿងបម្រុងវាយដំថែមទៀត ។
ហេតុការណ៍ បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកម៉ូតូប្រពន្ធអ្នកសារព័ត៌មានបណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងឆ្វេងនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ ទី១. ឈ្មោះ នួន ផានិត ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូ ម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន 1C-3597 រងការខូច ខាតមធ្យម ទី២. ឈ្មោះ សេង សារី ភេទស្រី អាយុ៤៧ឆ្នាំ រងរបួសធ្ងន់ បាក់ជើងឆ្វេង ត្រូវជាប្រពន្ធអ្នកសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកជនបង្ក មាន ឈ្មោះ ទៀង ប្រុស អាយុ៤៨ឆ្នាំ បើកបរក្នុងស្ថានភាពស្រវឹង ដោយបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ (២,៥តោន) ពាក់ស្លាកលេខ ន០១៧៥-ភព៣ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ៖ មុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងយុវជនម្នាក់ បានបើកបរម៉ូតូ១គ្រឿងទៅទិញអង្ករនៅផ្សារប៉ាហ៊ី លុះត្រឡប់មកវិញ ដល់ផ្លូវបែកជាបួន បម្រុងនឹងបត់ឆ្វេង ស្រាប់តែរថយន្តខាងលើ បានជ្រុលចង្កូតទៅបុកចំពីក្រោយពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាលតែម្តង ។ ក្រោយពេលកើតហេតុ ជនបង្ក បានបើករថយន្តរត់គេចទៅផ្ទះរបស់ខ្លួន តែត្រូវបានបងប្អូន និង ក្រុមគ្រួសារជនរងគ្រោះឃើញទាន់ ក៏ដេញតាមទៅដល់ផ្ទះ ស្រាប់តែរូបគេចេញមករករឿងដេញវាយទាត់ធាក់ ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ចំណែកមន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិនម្នាក់ បានឱ្យដឹងថា ៖ ជនរងគ្រោះ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ត្រង់ចំណុចកើតហេតុ បត់ឆ្វេងក៏ត្រូវរថយន្តខាងលើ បុកចំពីក្រោយពេញទំហឹង លុះឃើញបែបនេះ ជនបង្កក៏បានបើករថយន្តគេចទៅផ្ទះ ។ ប្រភពបន្ត ទៀតថា ជនបង្កពិតជាបានផឹកស្រាស្រវឹងពិតប្រាកដមែន ។ ប្រភពបន្តទៀតថា តែខាងនគរបាលនឹងសាកសួរភាគីម្ខាងទៀត ដើម្បីបានចម្លើយត្រឹមត្រូវ ហើយរៀបចំធ្វើការដោះស្រាយជូនជនរងគ្រោះខាងលើ ឱ្យមានតម្លាភាពផងដែរ ៕
ដោយ៖ស សារ៉េត