ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបប្រជុំជាមួយអាជ្ញាធរស្រុកពារាំង ដើម្បីពង្រឹងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តព្រៃវែង ៖ ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបបញ្ហាប្រឈមការរីករាលដាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរមូលដ្ឋានស្រុក និងឃុំនានារបស់ស្រុកពារាំង ដើម្បីផ្សព្វផ្សាយ និងពង្រឹងប្រសិទ្ធភាពការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ក្នុងនាមប្រធានគណៈពង្រឹងមូលដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំស្រុក ក៏ដូចជាអាជ្ញាធរឃុំទាំង៩ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ក្នុងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយត្រូវធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ពង្រឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាដាលជំងឺកូវីដ-១៩ ពិសេសបិទខ្ទប់ឱ្យខាងតែបានចំពោះអ្នកចំណូលថ្មីមកពីតំបន់ផ្សេងៗ និងត្រូវធ្វើការត្រួតពិនិត្យខាងក្នុងឱ្យបានហ្មត់ចត់ ហើយបើមានអ្នកមកពីក្រៅតម្រូវឱ្យធ្វើចត្តាឡីស័កជាដាច់ខាត។

​ផ្អែកទៅលើកម្រិតហានីភ័យនៃមេរោគកូវីដ-១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអំពាវនាវតាមរយៈមន្ត្រីមូលដ្ឋានឲ្យប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌទទួលបានវ៉ាក់សាំង ត្រៀមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នាទៅតាមដំណាក់កាលជាបន្តបន្ទាប់នាពេលខាងមុខ។

ជាមួយនេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដាំផ្ញើដល់មន្រ្តីសុខាភិបាលស្រុក ត្រូវត្រៀមលក្ខណ: បម្រុងរាល់សម្ភារៈបរិក្ខារ សម្រាប់ផ្គត់ផ្គង់កន្លែងធ្វើចត្តាឡីស័ក កន្លែងព្យាបាល និងកន្លែងចាក់វ៉ាក់សាំងឲ្យដំណើរការបានល្អ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖