ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ខ្ញុំបានផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំង បុគ្គលិកសុខាភិបាល អ៊ំ ពូ មីង បង ប្អូន ប្រុសស្រី ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ខ្ញុំយល់ថាអារម្មណ៍ និងស្មារតី របស់ប្រជាជនខ្មែរគ្រប់រូប រួមទាំងខ្ញុំផងនោះ បានផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំង បុគ្គលិកសុខាភិបាល អ៊ំ ពូ មីង បង ប្អូន ប្រុសស្រី ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។

លោកបន្តថា, ទោះយ៉ាងណាក៏ដោយ ខ្ញុំសូមឆ្លៀតឱកាសឆ្នាំថ្មីប្រពៃណីជាតិ ក្នុងការអរគុណ សមាជិក សមាជិកា ស.ស.យ.ក គ្រប់ៗរូប។
ខ្ញុំសូមជូនពរ សមាជិក សមាជិកា ក្រុមគ្រួសារស.ស.យ.ក. ជួបតែសេចក្តីសុខសុភមង្គល សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច និងជាពិសេស សុខភាពល្អ ចៀសផុតពីជំងឺនានា រួមទាំងកូវីដ១៩ដើម្បីបន្តបេសកកម្មរបស់យើងទៅមុខទៀតសម្រាប់ក្រុមគ្រួសារយើងប្រទេសយើង និងប្រជាជនយើង។
ពិតណាស់ក្នុងស្ថានភាពបច្ចុប្បន្ន លទ្ធភាពរបស់ស.ស.យ.ក ក្នុងការចូលរួមជាមួយថ្នាក់ដឹកនាំ និងសង្គមជាតិបានត្រឹមតែការផ្សព្វផ្សាយអប់រំដល់ប្រជាជនរបស់យើងទូទាំងប្រទេសពីជំងឺកូវីដ ១៩និងចូលរួមចំណែកជាការឧបត្ថម្ភសម្ភារៈដល់រាជរដ្ឋាភិបាលជាពិសេសសេនាធិការជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏ដូចជាការចូលរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់យើង និងស.ស.យ.ក រាជធានី ខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ដែលទោះតិច ឬច្រើនយ៉ាងណាក៏ដោយ យើងគួរថែរក្សាស្មារតីដោយ មានមោទនភាពចំពោះអ្វីដែលយើងបានចូលរួមអនុវត្តធ្វើរហូតមកដល់ពេលនេះជាពិសេសតាំងពីការផ្ទុះកូវីដ១៩នៅកម្ពុជា។

ទោះមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក្រុមគ្រួសារស.ស.យ.ក. តែងតែនៅជាប់ជាមួយប្រជាជននៅគ្រប់មូលដ្ឋានទាំងអស់។ តាមរយៈគ្រប់កិច្ចការសង្គមទាំងពេលធម្មតា ឬក្នុងឱកាសពិធីបុណ្យនានា ជាពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមរយៈសង្ក្រាន្តរបស់រាជធានីខេត្ត និងអង្គរសង្រ្កាន្តជាច្រើនឆ្នាំកន្លងមកនោះ ក៏ដូចជាក្នុងកាលៈទេសៈលំបាកផ្សេងៗ ដូចជាទឹកជំនន់ គ្រោះមហន្តរាយនានា ឬកូវីដ១៩ នាពេលនេះ សមាជិក សមាជិកាស.ស.យ.កទូទាំងប្រទេសបានចូលរួមដោយសកម្ម មិនបារម្ភពីសុវត្ថិភាពខ្លួនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើង។ សកម្មភាពទាំងអស់នេះហើយដែលក្រុមគ្រួសារស.ស.យ.ក បានធ្វើជាប្រចាំក្នុងរយៈពេលជិត ១០ឆ្នាំកន្លងមកនេះដោយមិនបានគិតពីការនឿយហត់ និងពេលវេលារបស់យើងដែលនៅឆ្ងាយ ពីក្រុមគ្រួសារ ហើយលើសពីនេះការចំណាយថវិកាផ្ទាល់ខ្លួនទាំងថ្នាក់កណ្តាល ទាំងស.ស.យ.ក. រាជធានី ខេត្ត ស.ស.យ.ក. វិស័យ និងសមាជិកនីតិបុគ្គលរបស់ស.ស.យ.ក ដើម្បីបំពេញភារកិច្ចទៅតាមលក្ខន្តិកៈ និងបុព្វហេតុរបស់យើង ដោយដើរស្របជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសង្គមជាតិរបស់យើង ដែលនេះគឺជាមោទនភាពរបស់ក្រុមគ្រួសារស.ស.យ.ក. យើង។
យើងត្រូវបន្តផ្សារភ្ជាប់តាមរយៈសកម្មភាពយើងជាមួយប្រជាជនទូទាំងប្រទេស នៅជាមួយគាត់ ជាពិសេសក្នុងគ្រាលំបាក តាមស្ថានភាពជាក់ស្តែងដែលអាចធ្វើទៅបាន ក្នុងការបន្ត និងសម្រេចអោយបាននូវស្មារតី២ធ្នូផង និងស្មារតី មកពីប្រជាជន សម្រាប់ប្រជាជន និង ដើម្បីប្រជាជនផង។
ក្នុងន័យនេះ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក គ្រប់រូប នៅទូទាំងប្រទេស ដែលបានលះបង់ កម្លាំង កាយចិត្ត ជាមួយឯកសណ្ឋាន ស.ស.យ.ក នាពេលកន្លងមក រហូតសម្រេចសមិទ្ធផលជាច្រើន ដើម្បីបុព្វហេតុរួមរបស់ ស.ស.យ.ក គឺអនាគតកម្ពុជា។ ស.ស.យ.កជឿជាក់លើព្រះរាជាណាចក្រកម្ពុជា
ភាពកក់ក្តៅ ភាពសុខដុមនៃសង្គម និងទំនុកចិត្តដែលប្រជាជន បានផ្តល់ដល់យើង គឺជាកត្តាកំណត់សម្រាប់យើងគ្រប់រូប ក្នុងបន្តចូលរួមចំណែកដើម្បី ជំរុញជោគវាសនា និងភាពរីកចម្រើនសម្រាប់កម្ពុជាតទៅមុខទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ព្រមជាមួយថ្នាក់ដឹកនាំគ្រប់រូបដទៃទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖