លោកស្រី Alessandra Galloni អាយុ៤៧ឆ្នាំ ជនជាតិអុីតាលី ត្រូវបានតែងតាំងជានិពន្ធនាយកបណ្តាញព័ត៌មានលំដាប់ពិភពលោក Reuters ។ នៅថ្ងៃទី១៩ ខែមេសា លោកស្រីនឹងឡើងកាន់តំណែងជំនួសលោក Stephen J. Adler ដែលនឹងចូលនិវត្តន៍។
ក្រោមការដឹកនាំរបស់លោក Stephen J. Adler រយៈពេលមួយទសវត្សរ៍កន្លងមកសម្រាប់បណ្តាញព័ត៌មានរ៉យទ័រ ជាមួយនឹងបុគ្គលិក ២៤៥០ នាក់ បានធ្វើឲ្យបណ្តាញព័ត៌មាននេះកាន់តែល្បី ដោយទទួលបានពានរង្វាន់ សារព័ត៌មានតូចធំជាច្រើន ។ ចាប់តាំងពីឆ្នាំ ២០០៨មក រ៉យទ័រ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Thomson Reuters ។
តាមសារព័ត៌មាន Wall Street Journal លោកស្រី Alessandra Galloniដែលនឹងឡើងកាន់តំណែងជានិពន្ធនាយករ៉យទ័រ អាចនិយាយបាន៤ភាសា ហើយមានបទពិសោធន៍ខ្ពស់ក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច នៅក្នុងបណ្តាញព័ត៌មានរ៉យទ័រ។
លោកស្រី Alessandra Galloni បានកំណត់គោលដៅអាជីវកម្មរបស់បណ្តាញព័ត៌មានរ៉យទ័រកាន់តែរីកចម្រើន ។ លោកស្រីធ្លាប់កាន់តំណែងគ្រប់គ្រងអ្នកសារព័ត៌មាន ក៏ដូចជាព័ត៌មាននៅ២០០តំបន់ផ្សេងគ្នាជុំវិញពិភពលោក ។ លោកស្រី Alessandra Galloni បានបញ្ចប់មហាវិទ្យាល័យ Harvard និងមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងឡុងដុង។
នៅឆ្នាំ២០១៣ លោកស្រីបានវិលត្រឡប់ទៅធ្វើការនៅសារព័ត៌
មានរ៉យទ័រ ក្រោយ១៣ឆ្នាំធ្វើការឲ្យបណ្តាញព័ត៌មាន The Wall Street Journal ។ លោកស្រីជាអ្នកយកព័ត៌មានប្រចំានៅទីក្រុងឡុងដុង ទីក្រុងប៉ារីស និងទីក្រុងប្រទេសអុីតាលី ទទួលបន្ទុកសេដ្ឋកិច្ច៕ ដោយ៖ ធីរីណា
រូបភាព៖REUTERS/Denis Balibouse