កម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃទី ១៥ខែមេសា បានចាប់ខ្លួនមេដឹកនាំក្រុមបាតុករមួយរូបក្នុងចំណោមមេដឹកនាំក្រុមបាតុករជាច្រើនរូប ដែលបានដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់នៅក្នុងប្រទេសនេះ ពលរដ្ឋក៏នាំគ្នាបន្តធ្វើបាតុកម្ម ប៉ុន្តែមានទ្រង់ទ្រាយតូចជាងពេលមុនៗ។ បាតុកម្មនៅពេលនេះមានលក្ខណៈបាតុកម្មស្ងប់ស្ងាត់ បាតុកម្មលាបថ្នាំពណ៌តាមផ្លូវថ្នល់…។
នៅលើបណ្តាញសង្គមបាតុករមួយរូបបានឲ្យដឹងថា លោក Wai Moe Naing អាយុ២៥ឆ្នាំ គឺជាមេដឹកនាំបាតុករមួយរូបក្នុងចំណោមមេដឹកនាំបាតុករប្រឆាំងយោធា ត្រូវកម្លាំងយោធាចាប់ខ្លួនបាននៅថ្ងៃទី ១៥ខែមេសានេះ។ បាតុករមួយរូបឈ្មោះ Win Zaw Khiang បានចែករំលែកលើបណ្តាញសង្គមថា «ម៉ូតូរបស់គាត់(Wai Moe Naing) ត្រូវរថយន្តប៉ូលិសបុកហើយចាប់ខ្លួនតែម្តង »។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា លោក Wai Moe Naing អាចត្រូវបានចាប់ខ្លួនពេលដឹកនាំធ្វើបាតុកម្ម នៅតំបន់ monywa ចម្ងាយពីទីក្រុង Yangon ប្រមាណ៧០០គីឡូម៉ែត្រ នៅភាគខាងជើង ។ តំបន់ Monywa គឺជាទីតាំងសំខាន់នៅក្នុងការធ្វើបាតុកម្មប្រឆាំងយោធា ។
នៅក្នុងថ្ងៃទី១៥ខែមេសានេះដែរ កម្លាំងយោធាមីយ៉ាន់ម៉ា បានផ្ទុះអាវុធនៅទីក្រុង Mandalay ដើម្បីបំបែកក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យធ្វើបាតុកម្ម ។ ការបាញ់ប្រហារនោះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសជាច្រើន៕ ដោយ៖ធីរីណា
រូបភាព៖ Reuters