ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខជូនលោកស្រី សូ សាម៉ូនី ម៉ៅ អាយុទ្ធ ចំពោះមរណភាពរបស់លោក ម៉ៅ អាយុទ្ធ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី សូ សាម៉ូនី ម៉ៅ អាយុទ្ធ ជាទីរាប់អានដ៏ជ្រាលជ្រៅ !

ខ្ញុំនិងភរិយាមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៦និង០០ ល្ងាច ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

មរណភាពរបស់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្ដុង្គឧត្ដមចំពោះភរិយា និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ហើយគឺជាការបាត់បង់ជីតាប្រកប ដោយក្តីសន្តោសប្រោសប្រណីចំពោះចៅប្រុស ចៅស្រីជាទីស្រឡាញ់ ព្រមទាំងចំពោះមិត្តភក្តិ សហសេវិក ដែលលោក ម៉ៅ អាយុទ្ធ តែងតែមានសមានចិត្តជាមួយ ដោយមិនរើសអើងចំពោះសិល្បករ សិល្បការិនី គ្រប់ទម្រង់។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយនៃសព ប្រកបដោយអនិច្ចលក្ខណធម៌ដ៏សង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន។

សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពលោក ម៉ៅ អាយុទ្ធ ឆាប់បានយោនយកកំណើតកើតក្នុង សុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកស្រី ទទួលនូវក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖