ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passappនៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ក្រៅពីនេះ កម្មករសំណង់នៅក្នុងសមាគមន៍និងនៅក្រៅសមាគមន៍ ក៏ត្រូវបានគិតគូរពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីឲ្យពួកគាត់ទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា ។
នេះបើតាមការលើកឡើងរបស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី១៦ខែមេសានេះ នៅសាលារាជធានីភ្នំពេញ ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា នេះជាការគិតគូររបស់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp ព្រមទាំងកម្មករសំណង់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងទាំងអស់។
លោកបន្តថា ៖ ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីរៀបចំជាផែនការមួយក្នុងការចាក់វ៉ាក់សាំងជូនទៅដល់បងប្អូនអ្នករត់ម៉ូតូកង់បី និងបងប្អូនដែលជាកម្មករ សំណង់ ហើយអ្វីដែលជាការចង់បាននៅក្នុងកិច្ចប្រជុំនេះ គឺចង់ឱ្យបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp ដែលរកស៊ីនៅក្នុងរាជធានីភ្នំពេញបានទៅចុះឈ្មោះនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួល បានការចាក់វ៉ាក់សាំង ក្រោមការរៀបចំរបស់អាជ្ញាធរ ដែលរក្សាបាននូវគម្លាតសុវត្ថិភាពទៅតាមការណែនាំរបស់ក្រសួងសុខាភិ បាល៕
ដោយ ៖ សំរិត