ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលបើកប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ឃាត់ខ្លួនស្រ្តីម្នាក់និងដកហូតអាវុធ៣ដើមរួមនឹងអាវុធច្នៃ១ដើម

ចែករំលែក៖

ខេត្តកណ្ដាល៖ បន្ទាប់ពីកម្លាំងនគរបាលស្រុកអង្គស្នួលទទួលព័ត៌មានថា មានក្រុមជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់រួចមក ភ្លាមៗនោះកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក វរសេនីយ៍ឯក​ មាន សំណាង​អធិការ​នគរបាលស្រុក​អង្គស្នួល​ ដោយមានការសម្របសម្រួលពីលោក លាវ​ ស្រេង​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការស្រាវជ្រាវទីតាំងក្រុមជនសង្ស័យរហូតឈានដល់ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់រួមជាមួយអាវុធ៣ដើម និងអាវុធកែច្នៃ១ដើម ព្រមទាំងថ្នាំញៀនមួយចំនួនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ។

    ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩និង១៥នាទីព្រឹក នៅចំណុចផ្ទះជនសង្ស័យឈ្មោះ​ ពែល មី​ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

    មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ក្រុមជនសង្ស័យទី១-ឈ្មោះ​ ពែល មី ភេទប្រុស អាយុ២០ឆ្នាំ​ ជនជាតិខ្មែរ​ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរមិនពិតប្រាកដ​ ជាមេខ្លោងកាន់កាប់អាវុធម៉ាក Ak ស្វាយបត់ចំហៀង១ដេីម លេខ1744 ផលិតឆ្នាំ១៩៦៧​ មានបង់ចំនួន១​ និងគ្រាប់ចំនួន២៧គ្រាប់(គេចខ្លួន)​។ ទី២-ឈ្មោះ​ ធីម ឌឿន (ហៅពែក)ភេទប្រុស អាយុ២១​ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ​ ជាមេខ្លោង កាន់កាប់អាវុធម៉ាកAK គ្មានលេខ​ មានបង់១​ គ្រាប់ចំនួន៣០គ្រាប់​ និងអាវុធខ្លីម៉ាកប្រាស់ហាចំនួន១ដេីម លេខZ518368 បង់ចំនួន១ គ្រាប់៦គ្រាប់ និងស្រោមកាំភ្លើងខ្លីចំនួន១(គេចខ្លួន)​ ។ ឈ្មោះ​ ធីម ឌឿន ហៅពែក មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន៥​ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ទី៣-ឈ្មោះ​ សល់ រស្មី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ​ សាឡយ​ វិច្ឆិកា​ ភេទស្រី​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរមិនពិតប្រាកដ។

   ដោយឡែកវត្ថុតាងដកហូតបានមាន៖ ១-អាវុធម៉ាក AK ០១ដេីម​ ស្វាយបត់ចំហៀង១ដេីម លេខ1744 ផលិតឆ្នាំ១៩៦៧​(បង់១​ គ្រាប់២៧គ្រាប់)​, ២-អាវុធម៉ាកAK កាត់ស្វាយ១ដេីម(គ្មានស្វាយ) គ្មានលេខ​ បង់១​ គ្រាប់៣០គ្រាប់​,​៣-អាវុធខ្លីម៉ាក ប្រាហាចំនួន១ដេីម លេខZ518368 បង់ចំនួន១ គ្រាប់៦គ្រាប់ និង ស្រោមកាំភ្លើងចំនួន១, ៤-អាវុធច្នៃប្រើខ្យសល់បាញ់គ្រាប់កង់ចំនួន៣ដេីម, ៥-ដាវ១ដើម, ពូថៅដៃដងឈើ១, កាំបិតប៉័ងតោ១​ និងកន្ត្រៃ១, ៦-ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ​ , ថ្នាំញៀនWY២គ្រាប់​ និងឧបករណ៍​ប្រេីប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ 

     ប្រភព​ដដែលបន្តថា នៅមុនពេលកេីតហេតុ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលេី​ បានទទួលព័ត៌មានថា មានឈ្មោះ​ សល់ រស្មី បានយកកាំភ្លើងកែច្នៃ​ (ប្រេីខ្យល់ ដាក់ហ្គាស់បាញ់គ្រាប់កង់)​ គំរាមបាញ់សម្លាប់​ស្រ្តីម្នាក់ជាសាច់ញាតិដើម្បីសុំលុយ៥០០០រៀល ។  ក្រោយពីទទួលបានព័ត៌មានភ្លាម​ កម្លាំងប៉ុស្តិ៍​សហការជាមួយកម្លាំងផ្នែកជំនាញស្រុក​ បានចុះទៅកន្លែងកេីតហេតុ​ ដេីម្បីពិនិត្យ​ និងស្រាវជ្រាវ​ តែមុនពេលទៅដល់​ ជនសង្ស័យបានរត់គេចខ្លួន​បាត់​ បន្សល់ទុកអាវុធកែច្នៃ១ដេីម​លាក់ទុកក្នុងផ្ទះ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច​បានបន្តការស្រាវជ្រាវ​ និងតាមរកជនសង្ស័យ​ ហេីយបានឃេីញជនសង្ស័យទាំង៣នាក់​ កំពុងពួនសំងំនៅផ្ទះឈ្មោះ​ ពែល មី  ប៉ុន្តែជនសង្ស័យទាំង៣នាក់នោះបានរត់គេចខ្លួនចូលព្រៃខាងកេីតផ្ទះអស់បាត់ទៅ​ ។  ពេលនោះកម្លាំងសមត្ថកិច្ច​ បានប្រទះឃេីញអាវុធAKស្វាយបត់១ដេីមលាក់ទុកក្នុងសំបុកមាន់​ និងឧបករណ៍​ប្រេីប្រាស់ថ្នាំញៀនវេចខ្ចប់មួយចំនួន។  ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​  ស្នងការនគរបាលខេត្តកណ្តាល​ និងមានការសម្របសម្រួលដោយលោក លាវ​ ស្រេង​ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក​ លោកមេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាល​ លោកមេភូមិ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ សាឡយ​ វិច្ឆិកា​ ភេទស្រី​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរមិនពិតប្រាកដ​ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ​ ពែល​ មី​ និង​ធ្វេីការឆែកឆេរផ្ទះជនសង្ស័យ​ រកឃេីញអាវុធAKស្វាយបត់១ដេីមទៀត​ អាវុធខ្លី១ដើម​ម៉ាកប្រាហា​ និងដាវ១ដើម និងពូថៅដៃដងឈើចំនួន១ និងកាំបិតប៉័ងតោ១ និងអាវុធច្នៃ​២ដេីម​ (កាំភ្លើងខ្យល់) និងឃើញថ្នាំញៀនមួយកញ្ចប់ធំ ។ 

   នៅចំពោះ​សមត្ថកិច្ចស្រ្តីឈ្មោះ សាឡយ​ វិច្ឆិកា​ សារភាពថា ខ្លួនជាអ្នកលក់ថ្នាំញៀន​ ចំណែកអាវុធខាងលេីនេះ​ត្រូវបានឈ្មោះ​ ពែល​ មី​ យកមកលាក់ទុកក្នុងផ្ទះខ្លួន​ នៅព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២១​ វេលាម៉ោងប្រហែល៥ព្រឹក។ 

  ចំពោះវត្ថុតាងត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក​ និងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖