ភ្នំពេញ៖ សម្រេចត្រូវបានកំណត់កម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ ទៅតាមវិធានការរដ្ឋបាលនីមួយៗ ចំពោះបុគ្គល ដែល មិនគោរពដោយចេតនានូវវិធានការរដ្ឋបាលដែលរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញក្នុងគោល បំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ដូចការកំណត់។
ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ ត្រូវប្រើប្រាស់ បង្កាន់ដៃបង់ប្រាក់ដែលបោះពុម្ព និងបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការចេញបង្កាន់ដៃពិន័យអន្តរការណ៍ត្រូវធ្វើឡើងចំនួន ៣ (បី)ច្បាប់ ដោយ ១(មួយ)ច្បាប់ សម្រាប់ ប្រគល់ជូនបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល និង ២(ពីរ ) ច្បាប់ទៀត សម្រាប់រក្សាទុកជាឯកសារ ។ ចំណូលដែលប្រមូលបានពីការពិន័យចំពោះអំពើមិនគោរពដោយចេតនាវិធានការរដ្ឋបាល ត្រូវកត់ត្រាជា ចំណូលរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងករណីបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ពុំបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុង រយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍នោះ មន្ត្រីដែលមាននីតិសម្បទា ជានគរបាលយុត្តិធម៌ នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ជាធរមាន។
បន្ថែមលើការទទួលរងនូវការពិន័យអន្តរការណ៍ខាងលើ ក្នុងករណីដែលអំពើមិនគោរពដោយចេតនាវិធានការ រដ្ឋបាល ដូចមានចែងក្នុងប្រការ១ នៃសេចក្ដីសម្រេចនេះ បណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបង្ក ឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះ បុគ្គលល្មើសនឹងទទួលរងនូវការផ្ដន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រធាន រតនាគាររាជធានីភ្នំពេញ ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលបន្ទុកអនុវត្ត សេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សុខ ខេមរា