ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន!! យកថ្នាំញៀនជាច្រេីនកញ្ចប់ឆ្លងកាត់គោលដៅបិទខ្ទប់រាជធានីភ្នំពេញ​ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន

ចែករំលែក៖

   ភ្នំពេញ​ ៖​ ពិតជាព្រហេីនខ្លាំងណាស់​ដែលជនសង្ស័យម្នាក់ហ៊ានយកថ្នាំញៀនជាច្រេីនកញ្ចប់ឆ្លងកាត់គោលដៅបិទខ្ទប់រាជធានីភ្នំពេញ​ នៃភូមិសាស្ត្រខណ្ឌដង្កោ​ ត្រូវបានកម្លាំងបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ​ធ្វេីការឃាត់ខ្លួនកាលវេលាម៉ោង១៤និង៣០នាទី​ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ​ ឆិល ប៉ាវចិន  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិ ទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

    ចំណែកវត្ថុតាងចាប់យកមានម្សៅក្រាមសថ្លាចំនួន១៣ថង់(ធំល្មមចំនួន៣ថង់,តូចចំនួន១០ថង់ , ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HP-1074 ចំនួន ១គ្រឿង , ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន១ចំនួន, ទូរស័ព្ទដៃម៉ាកVIVOពណ៌ខ្មៅចំនួន១គ្រឿង។  

    សមត្ថកិច្ចបានឲ្យដឹងទៀតថា​ កាលពីថ្ងៃទី១៨  ខែមេសា ឆ្នាំ២០២១ កម្លាំងបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានដាក់គោលដៅបិទខ្ទប់រាជធានីភ្នំពេញ ត្រង់ចំណុចផ្លូវជាតិលេខ៣ ស្ថិតភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លុះដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យខាងលេីជិះម៉ូតូមួយគ្រឿង ទិសដៅពីជើងទៅត្បូង ឆ្លងកាត់គោលដៅបិទខ្ទប់​ ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យឆែកឆេរ  រកឃើញក្រាមសថ្លាចំនួន១៣ថង់(ធំល្មមចំនួន០៣ថង់,តូចចំនួន១០ថង់ ដាក់នៅក្នុងសំបកPOWER BAND ទុកក្នុងហោប៉ៅខោមុខខាងស្តាំរបស់ជនសង្ស័យខាងលើ ហើយក៍សមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់តែម្ដង ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖