ខេត្តកណ្ដាល៖ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឲ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឲ្យបានច្បាស់លាស់។
ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយ លោកអោម ប៊ុនធឿន ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល និងលោក ឆែ លឹមគ្រី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ចំនួន៦រូបទៀត នៅតាមស្តង់បណ្ដោះអាសន្នមួយកន្លែង ដែលអាជ្ញាធរបានរៀបចំឡើង ស្ថិតក្នុងទីលានកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាតំបន់បិទខ្ទប់ (Lockdown) មួយ ដើម្បីបញ្ឈប់ការរាតត្បាតដោយជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្ត ក៏បានណែនាំឲ្យគ្រប់អាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឲ្យបានគ្រប់ផលិតផលឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងណែនាំកុំឲ្យមាន ការតម្លើងថ្លៃទំនិញ ឲ្យហួសកម្រិតខុសឆ្ងាយពីតម្លៃ ដែលបានលក់កន្លងមក (តម្លៃមុនពេលបិទខ្ទប់ Lockdown) ជាពិសេសលោក បានសំណូមពរដល់អាជីវករ និងអតិថិជនទាំងអស់ ឲ្យជួយសហការ ផ្ដល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធនានា ព្រមទាំងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្នុងករណីមានជនឆ្លៀតឱកាសលក់តម្លើងតម្លៃកើតឡើង។
គួរបញ្ជាក់ថា ជាក់ស្ដែងនៅក្រុងតាខ្មៅ ផ្សារចំនួនបី ត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន ក្នុងនោះរួមមានដូចជា ផ្សារតាខ្មៅចាស់ ផ្សារតាខ្មៅថ្មី និងផ្សារកាត់ជ្រុង (ផ្សារឯកជន) ហើយរដ្ឋបាលខេត្តកណ្ដាល បានរៀបចំផ្សារបណ្ដោះអាសន្ន ដែលមានលក់បន្លែ ត្រី សាច់ ផ្លែឈើនានា នៅទីលានកីឡដ្ឋានបាល់ទាត់ ក្រុងតាខ្មៅជំនួសវិញ៕ ដោយ៖សហការី