ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខណ្ឌជ្រោយចង្វា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនអាជីវករផ្សារដើមគ២នាក់ ដែលបានលួចចេញពីកន្លែងចត្តាឡីស័កក្នុងផ្ទះ ហើយបច្ចុប្បនេះកំពុងសុំគោលការណ៍ពីសាលារាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលេី បានបញ្ជាក់ទៀតថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ទី១៖ ឈ្មោះ កុប ម៉ារី អាយុ៦០ឆ្នាំ ជាម្តាយ ; និងទី២៖ ឈ្មោះ ម៉ក់ រុំរីសា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាកូន ត្រូវបានបញ្ជូនទៅធ្វើការចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ពួកគេបានលួចចេញពីផ្ទះ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
បន្ថែមពីនេះ ក្នុងលិខិតរបស់សាលាខណ្ឌ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះករណីនេះ រដ្ឋបាលខណ្ឌជ្រោយចង្វា បានស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបានបញ្ជូនបុគ្គលទាំងពីររូបខាងលើឱ្យទៅបន្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយរដ្ឋបាលខណ្ឌនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន»៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខណ្ឌជ្រោយចង្វាខាងក្រោមនេះ៖
ដោយ៖ សហការី