ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យ​ ចុះយកសំណាកពីកម្មករជិត១០០នាក់នៅរោងចក្រហឹរ៉ាយហ្សិន អៅដរ(ខេមបូឌា) ក្នុងស្រុកកំពង់ត្រឡាច ក្រោយរកឃើញអ្នកពាក់ព័ន្ធកើតកូវីដចំនួន២នាក់

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ បេីតាមការ​បញ្ជាក់ពី​លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែង​ប្រាប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ថា មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវរកឃើញស្ត្រីឈ្មោះ ហង់ ស៊ីម អាយុ៤២ឆ្នាំ ជាកម្មការិនីរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) មានវិជ្ជមានកូវីដ-១៩ ចេញលទ្ធផលកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដែលស្ត្រីរូបនេះបានបញ្ជាក់ប្រាប់ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្តថា គាត់ និងកូនប្រុសត្រូវបានក្រុមគ្រូពេទ្យនៅភ្នំពេញ យកសំណាក និងបង្ហាញថាវិជ្ជមានកូវីដ-១៩។

សូមជម្រាបថា សម្រាប់អ្នកកើតកូវីដ-១៩ទាំងពីរនាក់ ដែលកូនប្រុសឈ្មោះ រៀម សារ៉ាក់ អាយុ១៨ឆ្នាំ ធ្វើការនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ បន្តថា អ្នកទាំង២មានវិជ្ជមានកូវីដ-១៩នោះ អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ឆ្នាំង បានឲ្យលោកបញ្ជូនក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ចុះទៅយកសំណាកពីកម្មករនិងកម្មការិនីចំនួន៩៥នាក់ (ប្រុស៥នាក់) នៅរោងចក្រខាងលើនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ជាបន្ទាន់។

ដោយឡែកលោក ឈឹម វុទ្ធា ​អភិបាលស្រុកកំពង់ត្រឡាច និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ស្រុក ក៏បានលើកឡើងដែរថា ក្រោយពីបានទទួលបានការណែនាំរបស់លោកអភិបាលខេត្តលោក ឈួរ ច័ន្ទឌឿន, ក្រុមការងារបានស្រាវជ្រាវរកកម្មករកម្មការិនីមួយចំនួន ដែលបានពាក់ព័ន្ធជាមួយនឹងយុវជនវិជ្ជមានកូវីដ-១៩ ដើម្បីក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ត និងផ្តល់ទីកន្លែងឲ្យពួកគាត់ស្នាក់នៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ។

លោកអភិបាលស្រុក​ បានគូសបញ្ជាក់ថា «កម្មករ កម្មការិនីទាំងអស់ត្រូវបានតំណាងក្រុមហ៊ុន អនុញ្ញាតឲ្យពួកគាត់នៅធ្វើចត្តាឡីស័កក្នុងអគាររោងចក្រនេះតែម្ដង ដោយរៀបចំឱ្យពួកគាត់មានកន្លែងស្នាក់នៅឲ្យបានសមរម្យ មានទាំងអាហារហូបចុក រីឯកន្លែងស្នាក់នៅ រៀបចំឲ្យមានពូក និងមានម៉ាស៊ីនត្រជាក់ជូនពួកគាត់ទៀតផង»។

លេីសពីនេះ​ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់បងប្អូនកម្មករកម្មការិនី ដែលស្នាក់នៅធ្វើចត្តាឡីស័កក្នុងរោងចក្រទាំងអស់គ្នា សូមឱ្យមានការតស៊ូអត់ធ្មត់រយៈពេល១៤ថ្ងៃ ហើយត្រូវរក្សាគម្លាត ដោយអនុវត្តន៍តាមការ ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើអនាម័យខ្លួនប្រាណ និងឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុល ឲ្យបានខ្ជាប់ខ្ជួន ទើបនាំមកនូវសុខភាពល្អរបស់បងប្អូនទាំងអស់គ្នា៕ ដោយ​៖សហការី​


ចែករំលែក៖