ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្ដីពី ការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈ សកល និងតំបន់ ។ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២១ ដូចខាងក្រោម ៖

១- បាតុភូតសកល ៖

ផ្អែកទៅលើស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក តំបន់ជួរខ្សែអេក្វាទ័របានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ ២០២១ នេះ ព្រះរាជាណាចក្រកម្ពុជាទទួលរងនូវឥទ្ធិពលពី បាតុភូត (Neutral ) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត El Nino (ក្ដៅ) និង La Nina (ត្រជាក់) ។ ចាប់ពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ ២០២១ (រយៈពេល ០៥ ខ) បាតុភូតធម្មជាតិ ដែលមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាមាន បាតុភូត (Neutral) មាន ៦០% បាតុភូត El Nino មាន ១០ % និងបាតុភូត La Nina មាន ៣០ % ។

២- រដូវវស្សាឆ្នាំ ២០២១ ៖

ក- ដើមរដូវវស្សា ៖ រដូវវស្សាឆ្នាំ ២០២១ នឹងចូលមកដល់នៅសប្តាហ៍ទី ១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើនបង្គួរ នឹងអាចខ្ពស់ជាងមធ្យមភាគ ច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ ។ នៅដើមរដូវវស្សានេះ នឹង អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ កើតមានច្រើន ។

ខ- ពាក់កណ្តាលរដូវវស្សា ៖ ចាប់ពីខែសីហា ដល់ខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយ បានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ ជាងមធ្យមភាគច្រើនឆ្នាំ ។ នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយ ឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមានច្រើន ក្នុងនោះនឹងអាចបណ្ដាលឲ្យបណ្ដាខេត្តមួយចំនួនប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ។

គ- ចុងរដូវវស្សា ៖

រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី ៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹក ភ្លៀងពីតិចទៅបង្គួរ ។

៣- កូនរដូវប្រាំង ៖

នៅក្នុងរដូវវស្សាឆ្នាំ ២០២១ នេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទ ។

៤- ស្ថានភាពព្យុះ ៖

នៅក្នុងឆ្នាំ ២០២១ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៨-៣០ ព្យុះ នៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ។ យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួង ធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន បានជ្រាបជាព័ត៌មាន ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖