ព័ត៌មានទាន់ហេតុការណ៍៖

លោក ង្វៀង ហ៊្វូជុង​ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម៖ ផ្ញើសារសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ខណៈ​កម្ពុជាកំពុងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ អគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀង ហ៊្វូជុង បានផ្ញើសារលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីសួរសុខទុក្ខ ក្នុងគ្រាកម្ពុជាកំពុងរាលដាលជំងឺកូវីដ-១៩។

ជាក់ស្ដែង​យោងតាមតាមលិខិតរបស់ លោក ង្វៀង ហ្វ៊ូជុង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ​ បានលើកឡើងថា សភាពការណ៍នៃជំងឺកូវីដ-១៩ នៅតែបន្តប្រព្រឹត្តទៅយ៉ាងស្មុកស្មាញលើពិភពលោកទាំងមូល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយដល់គ្រប់វិស័យ ជីវភាពរស់នៅខាងសេដ្ឋកិច្ចរបស់បណ្តារដ្ឋ ក្នុងនោះមានវៀតណាម និងកម្ពុជា។ «បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែបានយកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំនូវសភាពការណ៍នៃជំងឺ និងសូមចែករំលែកការលំបាកដែលកម្ពុជាកំពុងប្រទះដែលបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលកន្លងទៅ»។

ជាមួយគ្នានេះ​ លោក ង្វៀង ហ៊្វូជុង បានវាយតម្លៃខ្ពស់ចំពោះបណ្តាវិធានការដែលគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដើម្បីបង្ការ និងប្រឆាំងជំងឺ Covid-19 នាពេលកន្លងទៅ ហើយជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា និងចំណាត់ការយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ រួមជាមួយការគាំទ្រ និងសាមគ្គីភាពរបស់ប្រជាជនទាំងមូលកម្ពុជាដាច់ខាតទប់ស្កាត់ និងគ្រប់គ្រងបានដោយជោគជ័យជំងឺ Covid-19 នាពេលឆាប់ៗនេះ។

បន្ថែមពីនេះ​ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម​ ក៏បានថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជា ដែលបានដំណើរការចាក់វ៉ាក់សាំងបង្ការ និងប្រឆាំងជំងឺ Covid-19 ជូនកម្មាភិបាលបណ្តាស្ថាប័យតំណាងរបស់វៀតណាម និស្សិតវៀតណាម និងជួយឧប្តម្ភសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា ក្នុងការបង្ការ និងប្រឆាំងជំងឺ Covid-19 ៕ ដោយ​៖សហការី​


ចែករំលែក៖