ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថាន៖ ផ្ទុះគ្រាប់បែកនៅសណ្ឋាគារ មានឯកអគ្គរដ្ឋទូតចិននៅទីនោះបណ្តាលឲ្យមានអ្នកស្លាប់៤នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ និង រាប់សិបនាក់រងរបួស ដោយសារការផ្ទុះគ្រាប់បែកមួយគ្រាប់ដែលគេបង្កៃនៅក្នុងសណ្ឋាគារ ហើយដែលមានឯកអគ្គរដ្ឋទូតចិនស្ថិតនៅទីនោះ នាភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។
ហេតុការណ៍ផ្ទុះនេះកើតឡើងនៅចំណតរថយន្តក្នុងសណ្ឋាគារ Serena ជាសណ្ឋាគារប្រណិីត នៅក្នុងទីក្រុង Quetta ស្ថិតនៅក្នុងខេត្ត Balochistan ជាទីកន្លែងដែលកម្លាំងទាហានក្រុមបះបោរធ្វើសកម្មភាពជាង១ទសវត្សរ៍កន្លងមកហើយ។
លោក Sheikh Rashid Ahmed រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានបានឱ្យដឹងថា មានមនុស្ស៤នាក់ស្លាប់និង១២នាក់រងរបួស ។ លោកបន្តទៀតថា នេះជាសកម្មភាពវាយប្រហារភេរវកម្ម។ នៅពេលរងការវាយប្រហារ មានគណៈប្រតិភូចិនដែលមានគ្នា៤នាក់ដឹកនាំដោយឯកអគ្គរដ្ឋទូតកំពុងស្នាក់នៅសណ្ឋាគារខាងលើ។
ក្រុមតាលីបង់នៅក្នុងទឹកដីប៉ាគីស្ថាន បានប្រកាសទទួលស្គាល់ករណីវាយប្រហារគ្រាប់បែកខាងលើ ថាជាការវាយប្រហារគ្រាប់បែកអត្តឃាត ។ នៅពេលនេះឯកអគ្គរដ្ឋទូតចិននៅប៉ាគីស្ថានមិនទាន់វិភាគអ្វីជុំវិញការវាយប្រហារខាងលើនៅឡើយទេ៕

ដោយ៖ ធីរីណា(រូបភាព៖Reuters)


ចែករំលែក៖