ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខលោក វរសេនីយ៍ឯក ព្រហ្ម សុភា បានឱ្យដឹងថា៖ នៅវេលាម៉ោង០០និង២០នាទី ថ្ងៃទី២២ខែមេសាឆ្នាំ២០២១ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ កងកម្លាំងចម្រុះមានកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ពលករឆ្លងដែនដោយខុសច្បាប់បានធ្វើការចុះល្បាតហើយឃាត់ខ្លួនមនុស្សបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន១៤នាក់ ក្នុងនោះមេខ្យល់ចំនួន៣នាក់ ពលករជាជនរងគ្រោះចំនួន១១នាក់ កុមារ២នាក់ផងដែរ ។
លោកវរសេនីយ៍ឯក ព្រហ្ម សុភា បានបញ្ជាក់ទៀតថា៖ ក្នុងការឃាត់ខ្លួនមេខ្យល់ និងជនរងគ្រោះ នេះក៏ទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យផងដែរ។
ចំណែកមេខ្យល់និងពលករត្រូវបានកម្លាំងតំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យបញ្ជូនមកប្រគល់ឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធីបន្ត ។
លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថ ខេត្តបានឱ្យដឹងថា៖ បើតាមការបំភ្លឺពីពលករខ្មែរទាំង១១នាក់ថា មេខ្យល់ចំនួន៣នាក់មាន ៖១.ឈ្មោះ ផៃ ធី ភេទប្រុស អាយុ៤១ឆ្នាំ, ២.ឈ្មោះសាំ អៀន ភេទប្រុស អាយុ៤៧ឆ្នាំ, ៣.អ៊ូ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ បានតេទូរស័ព្ទមកទំនាក់ទំនងមកពួកគាត់ថាតើចង់ទៅប្រទេសថៃអត់ ហើយពួកគាត់បានសួរវិញថា ចេញទៅបានមែនអត់ មេខ្យល់បានប្រាប់ពួកគាត់ថា ចេញទៅបានដោយក្នុងម្នាក់ត្រូវបង់លុយឱ្យពួកគេក្នុងម្នាក់៦ពាន់បាត(លុយថៃ) បន្ទាប់មកពួកគេបានឯកភាពគ្នាហើយណាត់ថ្ងៃចេញដំណើរ គឺថ្ងៃទី២១មេសា២០២១ ពួកគេបានមកតាមការណាត់គ្នាហើយមានម៉ូតូចាំទទួលដឹកពួកគេពីកន្លែងដីពុះឡូតិ៍មួយកន្លែងក្នុងខេត្តសៀមរាប ហើយវាងទៅតាមផ្លូវលំចំណុចផ្សារកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាម ហើយឡើងជិះរថយន្តបន្ត មកចេញនៅចំណុចស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីគេចពីសមត្ថកិច្ចដែលឈរជើងបិទផ្លូវខេត្តនៅចំណុចស្ពានតាប៉ុន ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ហើយបានធ្វើដំណើររហូតដល់ចំណុចវាលស្រែមួយកន្លែងស្ថិតក្នុងភូមិកូនដំរី ហើយម្ចាស់រថយន្តបានដាក់ពួកគាត់នៅទីនោះដោយប្រាប់ថាបន្តិចទៀតមានគេមកយកបន្តហើយ ។ រហូតដល់រសៀលថ្ងៃដដែលស្រាប់តែរថយន្តដដែលមកយកពួកគាត់ទៅស្រុកម៉ាឡៃហើយមានបុរសម្នាក់ទៀតមកចាំនាំផ្លូវពួកគាត់ដើរកាត់បម្រុងឆ្លងទៅប្រទេសថៃ ពេលដើរបានប្រហែល៥០ម៉ែត្រ ស្រាប់តែមានសមត្ថកិច្ចដេញចាប់ពួកគាត់បានតែម្ដង ។
ចំណែកមេខ្យល់ទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានជូនពលករទាំងអស់ខាងលើដើម្បីចេញទៅប្រទេសថៃពិតប្រាកដមែន ដោយយកថ្លៃម្នាក់៦ពាន់បាត ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថ ខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២១នេះហើយ។
ចំណែកជនរងគ្រោះចំនួន១១ ក្នុងនោះកុមារចំនួន០២នាក់ផងនោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២(QC2)ថ្នាក់ខេត្ត(កងវ៉ា) ក្នុងក្រុងសិរីសោភ័ណ ៕
ដោយ៖ វណ្ណា