ភ្នំពេញ៖ បើយោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅយប់ថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ២០២១ មុននេះបន្តិច បានបញ្ជាក់ថា៖ ពេលនេះគណ:ប្រតិភូទាំងអស់បានមកដល់ Hotel ហើយក៏បានផ្តល់សំណាកអោយក្រុមការងារសុខាភិបាលប្រទេស Indonesia ដើម្បីពិនិត្យកូវីដបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តីលោកមានសុខភាពល្អរឹងមាំធម្មតាទោះបីធ្វើដំណើរផ្លូវឆ្ងាយបន្តិចមែនក្តី។
មកដល់ទីនេះ ខ្ញុំមើលពីក្នុងរថយន្តគឺឃើញប្រជាពលរដ្ឋគេធ្វើចរាចរណ៍លើដងផ្លូវខ្វាត់ខ្វែង ហាងតូចធំនៅបើកដំណើរការធម្មតា ឃើញអ្នកខ្លះពាក់ម៉ាស អ្នកខ្លះអត់ពាក់ គួរអោយបារម្ភខ្លាំង។ នៅកន្លែងចាំរថយន្តក្រុងគឺឃើញមានអ្នកមិនពាក់ម៉ាសច្រើន។ បើមើលរបាយការប្រទេសនេះ គឺថ្ងៃទី ២២ មេសា ២០២១ មានអ្នកឆ្លងថ្មី 6,243 (ជាមធ្យមគឺឆ្លងប្រមាណ 5,350ក្នុង១ថ្ងៃ)។ មកទល់ពេលនេះមានអ្នកឆ្លងកូវីដជាង១លាន៦សែននាក់ហេីយ។
ខ្ញុំមិនបានចេញក្រៅ Hotel គឺចុះតែពីលើយន្តហោះ ឡើងឡានឆ្ពោះមកកាន់កន្លែងស្នាក់នៅតែម្តង។ យប់នេះមានតែកម្ម៉ង់ម្ហូបមកញាំនៅក្នុងបន្ទប់ទើបធានាសុវត្ថិភាព។
ខ្ញុំត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតទោះបីរយៈពេលខ្លីនៅក្នុងប្រទេសគេ។ ខ្ញុំសង្ឃឹមថាបងប្អូនថែរក្សាសុខភាពបានល្អនៅក្នុងប្រទេសយើង។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ៖សហការី