ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះណែនាំលើការរៀបចំទីតាំងយកសំណាកក្នុងតំបន់ក្រហមក្នុងខណ្ឌមានជ័យនិងពោធិ៍សែនជ័យចំនួន៣២ភូមិ ដើម្បីបង្កភាពងាយស្រួលទាំងក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលត្រូវទៅយកសំណាក

ចែករំលែក៖

        ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសានេះ បានដឹកនាំអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ចុះមកដល់ទីតាំងបញ្ជាការស្រាលនៃច្រមុះជ្រូកស្ទឹងមានជ័យ ដើម្បីបញ្ជាដឹកនាំឱ្យអាជ្ញាធរនិងកងកម្លាំងទាំង២ប្រភេទចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានី រៀបចំទីតាំងយកសំណាកក្នុងតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងពោធិ៍សែនជ័យ សរុបចំនួន៣២ភូមិឱ្យបានល្អប្រសើរ បង្កភាពងាយស្រួលទាំងក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលត្រូវទៅយកសំណាក។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ទីតាំងយកសំណាកក្នុងតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងពោធិ៍សែនជ័យ មានទាំងអស់ចំនួន៣២ភូមិ ក្នុងនោះ នៅក្នុងខណ្ឌមានជ័យមានសង្កាត់ស្ទឹងមានជ័យទី១ មាន៩ភូមិ គឺភូមិថ្មី, ភូមិទ្រា, ភូមិទ្រា១, ភូមិទ្រា២, ភូមិទ្រា៣, ភូមិមានជ័យ, ភូមិមានជ័យ១, ភូមិមានជ័យ២ និងភូមិ១ ។ សង្កាត់ស្ទឹងមានជ័យទី២ មាន៩ ភូមិ មានភូមិព្នាត, ភូមិដំណាក់ធំ, ភូមិដំណាក់ធំ១, ភូមិដំណាក់ធំ៤, ភូមិឫស្សី, ភូមិឬស្សី៣ , ភូមិ៥, ភូមិព្រែកទាល់, ភូមិព្រែកទាល់១។

  សង្កាត់ស្ទឹងមានជ័យទី៣មាន៦ភូមិ៖ ភូមិដំណាក់ធំ២, ភូមិដំណាក់ធំ៣, ភូមិដំណាក់ធំ៥, ភូមិទ្រា៤, ភូមិឫស្សី១, ភូមិឫស្សី២ សរុបមានចំនួន ២៤ ភូមិ ។

   ចំណែកខណ្ឌពោធិ៍សែនជ័យ មានសង្កាត់ចោមចៅទី១ មាន៨ ភូមិ៖ ភូមិគោកចំបក់, ភូមិទួលពង្រ, ភូមិត្រពាំងរំចេក, ភូមិចោមចៅ១, ភូមិត្រពាំងថ្លឹង១, ភូមិត្រពាំងថ្លឹង២, ភូមិត្រពាំងថ្លឹង៣, ភូមិត្រពាំងថ្លឹង៤។

  គួរបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។ ក្នុងសេចក្តីណែនាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត តាមទីតាំងដែលបានកំណត់ជូន ក្នុងនោះចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហមនៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យទៅយកសំណាកនៅ៖ ១- ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ ២- ទីតាំងបណ្តោយផ្លូវលេខ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រុងមាន់ ភូមិទ្រា៣- វិហារព្រះយេស៊ូ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

  ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទៅយកសំណាកនៅ៖ ១- សាលាបឋមសិក្សាសុភមង្គល ក្នុងភូមិបប៉ែកខាងជើង ។ ២- ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១ ។ ៣- ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យIII ក្នុងភូមិត្រពាំងថ្លឹង១ ។

     ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទៅយកសំណាកនៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ។ 

  ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬ គេចវេះមិនទៅយកសំណាកធ្វើតេស្ដរកវីរុសកូវីដ-១៩ តាមការណែនាំនេះនឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

ដោយ៖ សំរិត


ចែករំលែក៖