ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកណ្តាល ឃុំខ្លួនយុវជនម្នាក់ក្នុងសភាពស្រវឹងជោកជាំ រកវ៉ៃ មេ ភូមិ និងប្រជាការពារនៅតំបន់បិទខ្ទប់ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន យុវជនម្នាក់ក្នុងសភាពស្រវឹងជោកជាំ រកវ៉ៃមេភូមិ និងប្រជាការពារនៅតំបន់បិទខ្ទប់ក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “រារាំងដល់ការអនុវត្តវិធានការ និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ” តាមបញ្ញាត្តិមាត្រា៤ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដ៏ទៃទៀត និងមាត្រា៦៣នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ 

ដែលប្រព្រឹត្តនៅភូមិក្រពេីហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ  ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទីល្ងាច ។ 

ជនត្រូវចោទមានឈ្មោះ ស៊ូ ម៉េងសែ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រពេីហារសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:បុគ្គលិកក្រុមហ៊ុនVVH  ។ 

មានកំរិតជាតិអាល់កុល 1.802មីលីត្រខ្យល់ និងមានសារធាតុញៀនក្នុងទឹកនោម។ 

លោកវរសេនីយ៌ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា ៖ នៅវេលាកើតហេតុខាងលើ ពេលដែលលោកមេភូមិក្រពេីហារ និងប្រជាការពារកំពុងតែអង្គុយយាមនៅផ្លូវចេញចូលភូមិដោយចងខ្សែហាមមិនអោយប្រជាពលរដ្ឋចេញចូល។ បេីគ្មានការចាំបាច់ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ពេលនោះស្រាប់តែឃេីញជនសង្ស័យខាងលេីក្នុងស្ថានភាពស្រវឹងជិះម៉ូតូមកដល់ ។ ហេីយលោកមេភូមិបានសួរនិងធ្វេីការណែនាំតែជនសង្ស័យមិនព្រមស្តាប់ព្រមទាំងប្រេីពាក្យសំដីមិនសមរម្យ
ជាច្រេីនថែមទាំងនិយាយទៀតថានៅតាខ្មៅនេះគ្មានប៉ូលិសណាធ្វេីអីគាត់ទេ ពីព្រោះគាត់គ្មានកំហុសអីទេ ថែមទាំងប្រមាថរកវាយមេភូមិទៀតផង។  ទេីបមេភូមិរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖ ឆ ដា


ចែករំលែក៖