ព័ត៌មានទាន់ហេតុការណ៍៖

សាកសពគរលើគ្នា មន្ទីរពេទ្យនៅឥណ្ឌាឈប់ទទួលអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក Harsh Vardhan បានប្រកាសថា ប្រទេសនេះស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការឆ្លងកូវីដ-១៩។

ប៉ុន្តែស្ថានភាពដើរផ្ទុយពីការវាយតម្លៃទាំងស្រុងរបស់ក្រសួងសុខាភិបាល ។
នៅថ្ងៃទី២៣ខែមេសា ឥណ្ឌាមានករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មាននៅលើពិភពលោក ប៉ុន្តែនៅថ្ងៃទី ២៤ខែមេសា គឺមានចំនួនអ្នកឆ្លងច្រើនជាងទៅទៀត គឺ៣ថ្ងៃជាប់គ្នាដែលឥណ្ឌាមានករណីឆ្លងលើសពី៣សែននាក់ក្នុងមួយថ្ងៃ។ នៅថ្ងៃទី២៤ខែមេសាឥណ្ឌារកឃើញអ្នកឆ្លងរហូតដល់ជាង ៣៤៦ពាន់នាក់។ អ្នកឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌាកើនឡើងដល់ទៅជាង ១៦,៦លាននាក់ និងស្លាប់ជាង ១៨៩ពាន់នាក់ផងដែរ។
ក្រៅពីអ្នកឆ្លងច្រើនអ្នកស្លាប់ក៏កើនឡើងច្រើនផងដែរ ដោយសាកសពជាច្រើនត្រូវដាក់គរលើគ្នា នៅកន្លែងរក្សាសាកសព ។ ក្នុងមួយថ្ងៃៗឥណ្ឌាមានអ្នកស្លាប់លើសពី ២៦០០នាក់ គឺជាចំនួនយ៉ាងច្រើនមិនធ្លាប់មាន។
ស្ថិតនៅចំពោះមុខការឆ្លងរាតត្បាត COVID-19 ដ៏អាក្រក់បំផុតដែលកំពុងកើតមានឡើងនៅទូទាំងប្រទេសឥណ្ឌា។ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការណែនាំជាបន្ទាន់ឲ្យរដ្ឋាភិបាលឥណ្ឌាព្យាយាមកាត់បន្ថយការធ្វើដំណើរ និងការប្រមូលផ្តុំរបស់ប្រជាជន។
លោក បណ្ឌិតMichael Ryan នាយកកម្មវិធីសង្គ្រោះបន្ទាន់នៃ WHO បានលើកឡើងថា «ការកាត់បន្ថយការឆ្លងរាតត្បាត (COVID-19) នៅក្នុងប្រទេសឥណ្ឌាពេលនេះ គឺជាកិច្ចការដ៏លំបាកបំផុតមួយ»។ បន្ថែមពីនេះលោក Michael Ryan បានអំពាវនាវឲ្យរដ្ឋាភិបាល ចាត់វិធានការគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅរួច ដើម្បីទប់ស្កាត់ការប្រមូលផ្តុំ ហើយនេះជាអ្វីដែលឥណ្ឌាត្រូវតែធ្វើ៕ដោយ៖ ធីរីណា

រូបភាព៖ AFP


ចែករំលែក៖