ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង សន្យានាំយកអំណោយចែកជូនដល់មុខផ្ទះប្រជាពលរដ្ឋ ដេីម្បីការពារការឆ្លងរីករាលដាលកូវីដ-១៩ ក្នុងឱកាសបិទខ្ទប់ រាជធានីភ្នំពេញ

ចែករំលែក៖

     ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាតទៅដល់មុខផ្ទះតែម្តង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះកាន់តែរីករាលដាលធំឡើងៗ គួរឱ្យព្រួយបារម្ភ។ នេះបេីតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួនជាង ៨០០គ្រួសារនៅខណ្ឌដូនពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

   ក្នុងឱកាសនោះ លោក ឃួង ស្រេង បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់គ្នា អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែលរដ្ឋាភិបាលបិទខ្ទប់ភូមិឋាន២សប្តាហ៍នេះ។ លោកថា បើចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានល្អប្រសើរជុំវិញការបិទខ្ទប់រហូតកាត់ផ្ដាច់ជំងឺកូវីដ-១៩បាន នោះ រាជរដ្ឋាភិបាលនឹងបើកក្រុងឡើងវិញបានឆាប់រហ័សផងដែរ។

    លោក អភិបាលបញ្ជាក់ថា ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ លែងធ្វើពិធីចែកអំណោយទៀតហើយ ពោលគឺអាជ្ញាធរនឹងនាំយកអំណោយទៅជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដល់មុខផ្ទះតែម្តង។

   សូមបញ្ជាក់ថា ៖ អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនៅខណ្ឌដូនពេញ មានចំនួន ៨១៧គ្រួសារ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន៣គឺ សង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់ និងសង្កាត់ផ្សារថ្មីទី២ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ៕

ដោយ៖ សំរិត


ចែករំលែក៖