នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសជាលើកដំបូងរបស់មេទ័ព មីន អោងឡាំង(Min Aung Hlaing) ទៅកាន់ប្រទេសឥណ្ឌូនេស៊ី បានទទួលរងការធ្វើបាតុកម្មប្រឆាំងជាច្រើន ដោយចាត់ទុកលោកគឺជាអ្នកទទួលខុសត្រូវចំពោះវិបត្តិដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន។
នៅថ្ងៃទី ២៤ខែមេសា ប្រតិភូដឹកដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing បានទៅដល់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ។ ពលរដ្ឋឥណ្ឌូនេស៊ី ក៏ដូចជាមីយ៉ាន់ម៉ានៅឥណ្ឌូនេស៊ីបាននាំគ្នាធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារដឹកនាំដោយយោធា។
នៅតំបន់គណៈលេខាធិការអាស៊ាន មានបាតុករមួយក្រុមបានធ្វើបាតុកម្មប្រឆាំងមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលមកចូលរួមកិច្ចប្រជុំអាស៊ាន។ ក្រុមបាតុកម្មបានស្នើអាស៊ាន មិនត្រូវទទួលស្គាល់រដ្ឋាភិបាលយោធានោះឡើយ ហើយត្រូវបញ្ចប់អំណាចយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
តាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Teuku Faizasyah បានបញ្ជាក់ថា សន្តិសុខនៅតំបន់ជុំវិញគណៈលេខាធិការអាស៊ាន ត្រូវបានរិឹតបន្តឹង ។ ឥណ្ឌូនេស៊ី បាន បញ្ជូនកម្លាំងការពារ ៤០០០នាក់ទៅការពារកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ៕ ដោយ៖ ធីរីណា
រូបភាព៖ Reuters