ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញ សេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាប លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដូចនេះរដ្ឋបាលខេត្តព្រះសីហនុបញ្ចប់ការត្រួតពិនិត្យនៅតាមច្រកចេញ-ចូល រវាងខេត្តព្រះសីហនុ ជាមួយនិង បណ្តាខេត្តផ្សេងទៀត។ ប៉ុន្តែសម្រាប់ការចេញ-ចូលក្រុងព្រះសីហនុ គឺនៅបន្តអនុវត្តការបិទខ្ទប់តាមខ្លឹមសារនៃសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ លេខ ១១៦/២១ សសរ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» និងសេចក្តីសម្រេចលេខ១១៧/២១ កំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជា«តំបន់ក្រហម” ដដែល រហូតដល់មានការជូនដំណឹងជាថ្មី។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា