ខេត្តកណ្ដាល៖ មានមនុស្ស៣នាក់ក្នុងនោះមានស្ត្រីម្នាក់បានបើករថយន្តពាក់ស្លាក(ខម) ទាំងស្រវឹងស្រា ហើយបានរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ឈានដល់សមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យទាំងបីនាក់នោះមានជាតិអាល់កុលខ្ពស់។
សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបញ្ជាក់ឱ្យដឹងថា ករណីនេះកើតហេតុនៅវេលាម៉ោង២១៖៤០នាទី ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ ស្ថិតនៅចំណុច ផ្លូវលេខ១១៥ ជិតស្តុបផ្លូវ៦០ម៉ែត្រ ក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានបន្តថាជនសង្ស័យទាំង៣នាក់នោះគឺ ៖
១-ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរយោធា នៅនាយកដ្ឋានវិស្វកម្ម (ឃាត់ខ្លួន) មានកម្រិតជាតិអាល់កុល ០.០៧៦មិល្លីលីត្រខ្យល់ ។
២-ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ (ឃាត់ខ្លួន)។
៣-ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ បុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរគ្រូចិនសែ (ឃាត់ខ្លួន)។
ដោយឡែកវត្ថុតាងចាប់យករួមមាន ៖
-រថយន្ត១គ្រឿងម៉ាក Ford Evrest ពណ៌ ត្រេអ៉ី ពាក់ស្លាកលេខ ខម០១២-៧២០៤ ។
មុនពេលហេតុ នៅវេលាកើតហេតុខាងលើ ពេលដែលកម្លាំងចម្រុះកំពុងតែឈរយាមនៅគោលដៅផ្លូវលេខ១១៥ជិតស្តុប៦០ម៉ែត្រ មិនឲ្យប្រជាពលរដ្ឋចេញ-ចូលបេីគ្មានការចាំបាច់ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពេលនោះស្រាប់តែឃេីញជនសង្ស័យ៣នាក់ខាងលេីស្ថិតក្នុងស្ថានភាពស្រវឹងបានជិះរថយន្តមកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំ រួចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំង៣រូបខាងលើសមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុស្តាប់ចម្លើយ អាចនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ