ខេត្តកែប៖ បន្ទាប់ពីសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ស្តីពីការបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ ភ្លាមៗលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់បទបញ្ជាដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់នៅក្នុងខេត្ត ឲ្យអនុវត្តឲ្យមានប្រសិទ្ធភាព នូវសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល។
លោក សោម ពិសិដ្ឋ នៅរសៀលថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំឲ្យអាជ្ញាធរមានសមត្ថិច្ច និងកម្លាំងប្រដាប់អាវុធ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ដូចធម្មតា ប៉ុន្តែត្រូវពង្រឹងការត្រួតលើវិធានការសុខាភិបាល ពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣កុំ ៣ការពារឲ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ និងត្រូវរឹងបន្តឹងនូវការកំណត់អត្តសញ្ញាណចំនួនរថយន្ត ម៉ូតូ ឬការចល័តរបស់ប្រជាជន នៅតាមដងផ្លូវ និងភូមិសាស្ត្រសំខាន់ៗរបស់ខេត្តកែប។
គួរជម្រាបថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។
គួរបញ្ជាក់ដែរថា ចំពោះសេចក្តីសម្រេចខាងលេីនេះ អនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម៕ ដោយ៖សហការី