ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ ក្រោយពី កាត់តប្រសាសន៍ប្រមុខថ្នាក់ដឹកនាំ បំផុសរឿងមិនពិតក្នុងបណ្តាញសង្គមtiktok

ចែករំលែក៖

      ខេត្តកំពង់ឆ្នាំង ៖ បុរសជានជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពកាត់សម្លេងប្រសាសន៍ប្រមុខថ្នាក់ដឹកនាំកំពូល ខុសខ្លឹមសារដើម ក្នុងប្រព័ន្ធបណ្តាញសង្គម tiktok ។

ការឃាត់ខ្លួននេះគឺបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នៅភូមិសា្វយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  និងបញ្ចូនទៅតុលានៅថ្ងៃ២៦ ខែមេសា ឆ្នាំ២០២១នេះ។

  លោក អៀរ ប៊ុនធឿន ស្នងការរង និង ជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវធ្វើការឃា់តខ្លួននោះមានឈ្មោះ ភឹម ផាយផាត់ រស់នៅ ភូមិសា្វយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

  លោកស្នងការរងបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យខាងលើ បានធ្វើការបង្ហោះប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពុំមានលក្ខណៈពេញលេញ ត្រឹមត្រូវតាមខ្លឹមសារដើម ដែលមានប្រសាសន៍កន្លងមកនៅ ស្រុកកៀនស្វាយ ដោយសាមីខ្លួន បានយកប្រសាសន៍សម្តេចហ៊ុនសែនមកដាក់បញ្ជាក់ និងបន្តរយៈពេល៣ខែបន្តទៀត ហើយម្ចាស់គណនី tiktokនេះបាននិយាយបន្ថែមលើខ្លឹមសារសម្តេចហ៊ុនសែន បញ្ជាក់ថា ចប់ហើយបងប្អូនយើង ខ្ញុំអាណិតកម្មក កម្មការិនី។ 

  លោកស្នងការរងបានបញ្ជាក់ថា ដោយសារខ្លឹមសារដែលបង្ហោះលើបណ្តាញសង្គមtiktok នេះបង្កប់នូវខ្លឹមសារ ធ្វើឲ្យមានការភាន់ច្រឡំបំផុសបំផុល ធ្វើមានចលាចលក្នុងសង្គម ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ កម្លាំងសមត្ថកិច្ចបានក៏បានធ្វើការឃាត់ខ្លួន ឈ្មោះ ភឹម ផាយផាត់ នេះតាមច្បាប់ បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ 

  លោកបានបញ្ជាក់ទៀតថា រាល់ការបញ្ចេញមតិ ឬ បង្ហោះសារណានៅតាមបណ្តាញសង្គម នានា ជាសិទ្ធរបស់ប្រជាពលរដ្ឋនីមួយៗ តែមិនត្រូវបង្ហោះខ្លឹមសារណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គម និង កិត្តិយសរបស់ដទៃនោះទេ ហើយសមត្ថកិច្ចមានសិទ្ធក្នុងការបង្រ្កាបនូវរាល់ការបង្ហោះព័ត៌មានដែលក្លែងក្លាយខុសការពិត ៕

ដោយ៖ ចន្ថា


ចែករំលែក៖