ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ស្រុកកំពង់ត្របែក ៖ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ ចំនួន​២នាក់ថ្មីបន្ថែមទៀត

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់ថ្មីបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្របែក បានបញ្ជាក់ថា ចំពោះ​អត្តសញ្ញាណ​អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង២នាក់នេះ រួមមាន៖​ ទី១៖ ឈ្មោះ នាង ចន្ថា (ហៅស្រីអូន) អាយុ៣២ឆ្នាំ ជាអាជីវករលក់បន្លែ នៅផ្សារកំពង់ត្របែក ឃុំកំពង់ត្របែក​ ;និងទី២៖ ឈ្មោះ យ៉ាន់ យ៉ាន អាយុ២៨ឆ្នាំ រស់នៅភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក និងជាកម្មករធ្វើការនៅផ្សារអូរឬស្សី រាជធានីភ្នំពេញ ដែលបានវិលមកមូដ្ឋានវិញនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានេះ​ រដ្ឋបាលស្រុកកំពង់ត្របែក ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលបានធ្លាប់ចេញ-ចូល ផ្សារកំពង់ត្របែក ឃុំកំពង់ត្របែក និងភូមិបី ឃុំប្រាសាទ ឬមានទំនាក់ទំនងផ្ទាល់ និងប្រយោល ជាមួយបុគ្គលទាំងពីរខាងលើ សូមសហការ និងរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានការចត្តាឡីស័ក ឱ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យត្រឹមត្រូវបំផុត ក្នុងករណីមានការអារៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយសង្ស័យថាខ្លួនឆ្លងជំងឺកូវីដ-១៩ ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្របែក​ ខាងក្រោមនេះ៖


ចែករំលែក៖