ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដំណើរការលក់ដូរឡើងវិញ ចំពោះក្រុមចំនួន៣០ នៃភូមិ៣ នៅតំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
បើតាមសេចក្ដីសម្រេចរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បើទោះបីជាអនុញ្ញាតឲ្យប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដំណើរការអាជីវកម្មលក់នៅផ្ទះឡើងវិញ ដោយត្រូវអនុវត្តស្ដង់ដារប្រតិបត្តិមួយចំនួន សម្រាប់ការលក់ដូរបណ្ដោះអាសន្ន រួមមានដូចខាងក្រោម៖
- អាជីវករទាំងអស់ត្រូវមានលទ្ធផលតេស្ដអវិជ្ជមានកូវីដ១៩ ចំនួន២ដង ដែលបញ្ជាក់ដោយមន្ដ្រីសុខាភិបាល
- បើកដំណើរការលក់ដូរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៥រសៀល
– អាជីវករត្រូវរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាព និងត្រូវមានអាល់កុល ឬជែលសម្រាប់អតិថិជនលាងដៃ
– នៅតាមផ្ទះនីមួយៗ ត្រូវមានខ្សែសុវត្ថិភាពចងព័ន្ធជុំវិញ និងមិនត្រូវអនុញ្ញាតឲ្យអ្នកទិញចូលក្នុងផ្ទះជាដាច់ខាត
– អាជីវករត្រូវបិទតារាងតម្លៃមុនទំនិញជាអក្សរធំៗ នៅមុខផ្ទះងាយស្រួលមើល ដើម្បីជៀសវាងការសួរនាំគ្នាច្រើន
– ទាំងអាជីវករ ទាំងអតិថិជនត្រូវតែពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពទាំងអស់គ្នា
– ត្រូវរក្សាគម្លាតពីអ្នកដទៃ ដោយត្រូវប្រញាប់ប្រញាល់ទិញម្ហូបអាហារឲ្យបានលឿន និងរក្សាទុកបានច្រើនថ្ងៃ
– មិនត្រូវអនុញ្ញាតឲ្យកុមារទៅទិញទំនិញ ឬនៅកន្លែងលក់ដូរឡើយ
– ត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរមានសម្ថកិច្ចជាដាច់ខាត។
គួរបញ្ជាក់ថា ក្រុមចំនួន៣០ នៃភូមិ៣ តំបន់ទំនប់រលកនេះ ត្រូវបានអភិបាលខេត្ដសម្រេចបិទមួយរយៈពេលធំ ដោយសារតែការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ហើយមនុស្សជាច្រើននាក់ត្រូវបានយកសំណាកទៅពិនិត្យជាបន្ដបន្ទាប់៕ដោយ៖សហការី