បណ្តាប្រទេសសហគមន៍អឺរ៉ុបបានសន្យាថានឹងផ្តល់ជំនួយជាបន្ទាន់ដល់ប្រទេសឥណ្ឌា ពិសេស គឺបំពង់អុកស៊ីហ្សែន ឱសថ ដើម្បីទប់ទល់«រលកយក្ស»នៃការឆ្លងកូវីដ-១៩ក្នុងប្រទេសនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហោះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី២៥ខែមេសាថា «ពិតជារឿងគួរឲ្យបារម្ភបំផុតពីស្ថានភាពកូវីដ-១៩ នៅក្នុងទឹកដីឥណ្ឌា យើងនិឹងផ្តល់ជំនួយជួយដល់ប្រទេសនេះ»។
លោកស្រី Ursula von der Leyen បញ្ជាក់ទៀតថា « អឺរ៉ុបនឹងផ្តល់ជំនួយបន្ទាន់ទាំងធនធានមនុស្ស តាមសំណើរបស់ឥណ្ឌាដើម្បីជួយការពារដល់ពលរដ្ឋ ក្នុងនោះមានទាំងពលរដ្ឋអឺរ៉ុបនៅឥណ្ឌាផងដែរ។ ប្រទេសអឺរ៉ុបនឹងបញ្ជូនជំនួយបន្ទាន់ មានបំពង់ឧស្ម័ន និងឱសថដើម្បីព្យាបាលកូវីដ-១៩ ។
ជាមួយគ្នានេះដែរ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃទី២៥ខែមេសា បានប្រកាសថា នឹងផ្តល់ជំនួយបន្ទាន់ដល់ឥណ្ឌាផងដែរ ។ ចំណែកអង់គ្លេសវិញ ក៏បានប្រកាសផ្តល់ជំនួយម៉ាស៊ីនជំនួយដកដង្ហើម ៦០០គ្រឿង ជួយដល់ឥណ្ឌាក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។
នៅពេលនេះឥណ្ឌាព្យាយាមទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលកំពុងតែវាយគំហុកទៅលើប្រទេសឥណ្ឌា ដូចជា «រលកយក្ស»កូវីដ -១៩ វាយប្រហារបំផ្លាញប្រទេសនេះ។ កាលពីថ្ងៃទី ២៥ខែមេសា ឥណ្ឌាមានករណីឆ្លងកូវីដ-១៩ ជិត ៣៥០ពាន់នាក់ក្នុងរយៈពេល ២៤ម៉ោង ដែលជាការឆ្លង លើសពី៣សែននាក់ ៤ថ្ងៃជាប់គ្នាក្នុងប្រទេសនេះ ។ នៅពេលនេះ ឥណ្ឌាមានអ្នកឆ្លងកើនឡើងដល់ទៅជាង ១៧,៣លាននាក់ ហើយនិងស្លាប់ ១៩៥ពាន់នាក់ ៕ ដោយ៖ ធីរីណា
រូបភាព៖Reuters