ភ្នំពេញ៖ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃចន្ទទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ បងប្អូនអ្នកនៅរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញពិតជាសំណាងជាងខ្ញុំខ្លាំងណាស់ ក្នុងកំឡុងពេលនេះ ព្រោះបងប្អូននៅមានសេរីភាពដើរហើរក្នុងផ្ទះជួបសមាជិកក្រុមគ្រួសារណាក៏បាន ហើយញាំបាយជុំគ្នាឬអាចច្រៀងចំរៀងខួបកំណើតដល់មនុស្សជាទីស្រឡាញ់ក្នុងផ្ទះរួមគ្នាបាន! ។
ជាក់ស្ដែងនៅក្នុងសំណេររបស់លោករដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីរូបនេះ បានគូសបញ្ជាក់ថា ចំណែកខ្ញុំក្រោយពីវិលត្រឡប់ពីឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៤ មេសា គឺបានយកសំណាកពិនិត្យកូវីដ-១៩សារជាថ្មី ហើយត្រូវនៅធ្វើចត្តាឡីស័កក្នុងបន្ទប់ម្នាក់ឯង មិនបានជួបក្រុមគ្រួសារ ជាពិសេសកូនស្រីដែលនឹងគម្រប់២ខួបនៅថ្ងៃទី ២៨ មេសា ខាងមុខនេះ។
សូមបងប្អូនបន្តរស់នៅក្នុងផ្ទះឲ្យបានត្រឹមត្រូវល្អ ព្រោះសុខភាពមិនអាចទិញបានឡើយ។ កុំឲ្យការធ្វេសប្រហែសរបស់យើងបង្កគ្រោះថ្នាក់ដល់មនុស្សនៅជុំវិញខ្លួនអោយសោះ។
ដោយសាយើងមិនអាចមើលឃើញមេរោគកូវីដ-១៩ គឺយើងត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលគ្រប់ទីកន្លែងទាំងនៅទីក្រុង ខេត្ត ស្រុកស្រែចំការ និងតំបន់ដាច់ស្រយាល។ ការពារប្រសើរជាងព្យាបាល!
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ៖ស តារា